រដ្ឋបាលខេត្តកំពង់ចាមកសាងរូបសំណាក “នាគព័ន្ធ” ថ្មី ដែលមានទំហំធំជាងមុន
កំពង់ចាម៖ រូបសំណាក “នាគព័ន្ធ” ដែលបានកសាងឡើងក្នុងសម័យសង្គមរាស្ត្រនិយមមានទីតាំងស្ថិតនៅរង្វង់មូល ខាងមុខប្រាសាទនគរបាជ័យ (ព្រំប្រទល់ក្រុងកំពង់ចាម-ស្រុកកំពង់សៀម) នឹងត្រូវយកមកតម្កល់នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម នាពេលឆាប់ៗខាងមុខ ហើយនឹងជំនួសដោយរូបសំណាក “នាគព័ន្ធ” ថ្មី ដែលមានទំហំធំជាងមុនខណៈដែលទីតាំងនេះទទួលបានផ្លូវកាន់តែធំទូលាយជាងមុនដែរ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឱ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តថារូបសំណាក “នាគព័ន្ធ” ស្ថិតនៅរង្វង់មូល “នាគព័ន្ធ” នឹងត្រូវដកចេញព្រោះស្ថិតនៅក្នុងគម្រោងការដ្ឋានពង្រីកកម្រិតផ្លូវជាតិលេខ៧ ពី២ គន្លង ទៅជា៤គន្លង ដែលថ្នាក់ដឹកនាំតម្រូវឱ្យកសាង រូបសំណាក “នាគព័ន្ធ” ថ្មី ដែលមានទំហំធំ និងដើម្បីឱ្យសក្តិសមជាមួយនឹងទំហំផ្លូវ។
ឯកឧត្តមអភិបាលខេត្តបន្ថែមថា ក្នុងនាមយើងជាថ្នាក់ដឹកនាំ និងជាយុវជនជំនាន់ក្រោយ ត្រូវរួមគ្នាថែរក្សាការពារនូវមរតក និងស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុនៗ ដើម្បីជាការតបស្នង និងការដឹងគុណ និងដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយៗ។
ឯកឧត្តមព្រឹទ្ធាចារ្យ ស្រី កានឿន អតីតប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ចាម បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានបញ្ជាក់អំពីប្រវត្តិ ” រង្វង់មូលនាគព័ន្ធ” ថា រង្វង់មូលរូបសំណាកនាគព័ន្ធត្រូវបានបានកសាងឡើង ក្នុងទសវត្ស៦០ ក្នុងសម័យសង្គមរាស្ត្រនិយម ដែលជាស្នាព្រះហស្ថរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ។ជាអកុសល រូបសំណាក “នាគព័ន្ធ” ខាងលើត្រូវបានកម្ទេចនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
ក្រោយមកនៅអំឡុងទសវត្ស៩០ ក្នុងអាណត្តិសម្តេចទេពញាណ ហ៊ុន ណេង ជាអភិបាលខេត្តកំពង់ចាមសម្តេចបានស្វែងរករូបថតរូបសំណាកនាគព័ន្ធ ខាងលើ និងក្រុមជាងដែលបានកសាងរូបសំណាកនាគព័ន្ធជំនាន់មុន មកកសាងឡើងវិញតាមរចនាប័ទ្ម និងទំហំដូចគ្នានឹងរូបសំណាកចាស់។ក្រុមជាងទាំងនោះ មានទីលំនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម៕ដោយ៖លី ពៅ








