អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ ក្រោយបញ្ចប់កិច្ចប្រជុំ GBC កម្ពុជា-ថៃ បានទទួលការសាទរ និងគាំទ្រពីសំណាក់ប្រទេសធំៗទាំងសហរដ្ឋអាមេរិក និងចិន
(ភ្នំពេញ)៖ ក្រោយការសម្រេចបានលទ្ធផល នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលទើបបានបញ្ចប់ទៅថ្ងៃម្សិលម៉ិញនេះ(ថ្ងៃទី ០៧ ខែ សីហា)ក្នុងទីក្រុង កូឡាំពួរ ប្រទេស ម៉ាស៊ី ដោយក្នុងលទ្ធផលនៃកិច្ចប្រជុំនេះមានការសាទរគាំទ្រពីសំណាក់ យ៉ាងខ្លាំងក្លា ពិសេស ពី រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក និង ក្រសួងការបរទេសចិន ។ នេះបើតាមការបញ្ជាក់ពីសំណាក់ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥នេះ នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា ឱ្យដឹងថា ៖ ក្រៅអំពីបង្ហាញការសាទរពីសំណាក់ប្រទេសធំៗចំនួនពីរ គឺ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកនិងក្រសួងការបរទេសចិនហើយ ក្នុងថ្ងៃដដែលនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានផ្ញើលិខិតផ្លូវការមួយទៅគណៈកម្មការពានរង្វាន់ណូបែលសន្តិភាព ដើម្បីគាំទ្របេក្ខភាព ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូ ណាល់ត្រាំ សម្រាប់ពានរង្វាន់ណូបែលសន្តិភាព ។
ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនកាលពីថ្ងៃទី០៧ ខែ សីហា ឆ្នាំ២០២៥ បានថ្លែងដោយបញ្ជាក់ថា ៖ ”ប្រទេសចិនស្វាគមន៍ការយល់ព្រមរវាងកម្ពុជា និង ថៃ លើការរៀបចំការអនុវត្ត យន្តការត្រួតពិនិត្យបទឈប់បាញ់” ។
ព្រមជាមួយគ្នានេះតាមរយៈទំព័រហ្វេសប៊ុកនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២៥នេះ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក៏បានបង្ហាញការសាទរថា ៖ «សូមអបអរសាទរចំពោះលទ្ធផលដ៏សំខាន់ និងបំផុសគំនិតដែលសម្រេចបានតាមរយៈក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី រវាងកម្ពុជា និងថៃ។
លោកថា ៖ ”យើងនឹងបន្តគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃបទឈប់បាញ់ និងតួនាទីដ៏សំខាន់របស់ម៉ាឡេស៊ី និងប្រទេសអាស៊ានដទៃទៀត ក្នុងការស្តារសន្តិភាព និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ ហើយនឹងបន្តខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការលើកកម្ពស់ការកសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃឡើងវិញ” ។
សូមរំលឹកថា ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ឱ្យដឹងដែរថាលទ្ធផលកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅប្រទេសម៉ាឡេស៊ី ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីស្តីទី ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រថៃ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្ថាបនា និងវិជ្ជមាន ដែលនាំមកនូវលទ្ធផលប្រកបដោយផ្លែផ្កា ភាគីទាំងពីរក៏បានឯកភាពលើលក្ខខណ្ឌនៃបទឈប់បាញ់ និងការរៀបចំយន្តការសម្រាប់អនុវត្ត។ ភាគីកម្ពុជា និងភាគីថៃបានឯកភាពអនុម័តនូវកំណត់ហេតុនៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) រវាងកម្ពុជា និងថៃ និងសេចក្តីថ្លែងការណ៍រួមទាំងអស់ ១៣ចំណុច៕
ដោយ ៖ ម៉ាដេប៉ូ

