រដ្ឋបាលខេត្តស្វាយរៀងបើកការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្ត​កម្មទឹកកខ្វក់តម្លៃជិត៣០លានដុល្លារ

ស្វាយរៀង៖រដ្ឋបាលខេត្តស្វាយរៀងប្រារព្ធបើកការដ្ឋានសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ នៅ​ភូមិត្រពាំងផ្លុង​ សង្កាត់បាទី​ ក្រុងបាវិត ក្រោម​អធិបតីភាពឯកឧត្តម ប៉េង​ ពោធិ៍សា​ អភិបាលខេត្តស្វាយរៀង​ និងឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការតំណាងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។

ការដ្ឋាននេះមានតម្លៃជិត ៣០លានដុល្លារអាមរិក(២៩,០៨៦,៧៤៨.១១ដុល្លារ)​ក្រោមកម្ចីឥណទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី(ADB)។ឯកឧត្តម វង្ស ពិសិដ្ឋ បានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ពី​ប្រមុខរាជរដ្ឋាភិបាល ពិសេស​ក្នុងនាមក្រសួងជំនាញតែងបានសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង​រហូត​សម្រេចការអនុវត្ត​គម្រោងនេះ​ឡើង​លើទឹកដីក្រុងបាវិត​។

ក្នុងពិធីបើកការដ្ឋាន​ ឯកឧត្តមអភិបាលខេត្តស្វាយរៀងបានថ្លែងថា នេះជា​សមិទ្ធផលដ៏មានតម្លៃ និងផ្តល់សារៈ​ប្រយោជន៍ដល់ប្រជាពលរដ្ឋ។ពិសេស​មូលដ្ឋានក្នុងក្រុងបាវិត​។ឯកឧត្តមក៏ថ្លែងអំណរគុណ​ ចំពោះក្រសួង​សាធារណការ និងដឹកជញ្ជូន និងធនាគារ​អភិវឌ្ឍន៍​អាស៊ី​ដែលបានផ្តល់ជូន​គម្រោងទីក្រុង​គួរឱ្យចង់រស់នៅ​។ក្រុងបាវិត គឺជាក្រុងមួយក្នុងចំណោមក្រុងទាំងបី មាន ក្រុង​បាវិត ក្រុងកំពត និងក្រុងប៉ោយប៉ែត​ ដែលទទួលបាននូវគម្រោង​ដ៏មានតម្លៃនេះ ហើយក្នុងចំណោមអនុគម្រោង៥ មានពីរនៅក្រុងបាវិត គឺអនុគម្រោង​សាងសង់​ទីលានទុកដាក់សំរាម (មានទីតាំងនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស)ដែល​បានចូលរួមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មកដល់ពេលនេះដំណើរការសាងសង់សម្រេចបានប្រមាណ៥៤ភាគរយ ។

ឯកឧត្តមបន្តថា ដោយឡែកថ្ងៃនេះគឺបើកការដ្ឋានសាងសង់អនុគម្រោងទី២ នូវប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្ម​ទឹកកខ្វក់ដែលត្រូវប្រើពេលវេលាសាង​សង់ចំនួន៣៦ខែ នឹងបញ្ចប់នៅឆ្នាំ២០២៨ខាងមុខ ដោយចំណាយថវិកា​សាងសង់ជាង២៩លានដុល្លារអាមេរិក។ ឯកឧត្តមបន្ថែមថា​ គម្រោងនេះ​ គឺពិតជាមានភាពសមស្របឆ្លើយតបទៅ​នឹងតម្រូវការជាក់ស្តែង ហើយនឹង​អាចដោះស្រាយនូវបញ្ហាចំពោះមុខដ៏មានប្រសិទ្ធភាព និងចំទិសដៅ។

សូមជម្រាបថា ក្រុងបាវិតមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦កន្លែង និងមានរោងចក្រ១២៤កន្លែងនិងផ្តល់ការងារជិត ៧ម៉ឺននាក់ដែលស្មើ​នឹងពាក់កណ្តាលនៃចំនួនកម្មករក្នុងខេត្តទាំងមូល៕


ដោយ៖នុត នាង

ads banner