មន្ត្រីព្រឹទ្ធសភា ណែនាំមន្ត្រីឃុំ ឱ្យពង្រឹងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ
(ត្បូងឃ្មុំ)៖ ក្នុឱកាសសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ និងស្មៀន និងនាយប៉ុស្តិ៍បូលីសក្នុងឃុំ រការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានណែនាំមន្ត្រីឃុំ ឱ្យពង្រឹងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ ។
ពិធីសំណេះសំណាលប្រព្រឹត្តទៅនៅឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ មានគោលបំណងដើម្បីផ្សារភ្ជាប់ និងការរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំនៅមូលដ្ឋាន និងជួបប្រាស្រ័យទំនាក់ទំនង ពិគ្រោះយោបល់ ឈ្វេងយល់ពីតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ។
ឯកឧត្ដមបាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនក្រុមប្រឹក្សាឃុំ និងស្មៀនឃុំទាំងអស់ ប្រកបដោយក្តីនឹករលឹក។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់លោកប្រធានក្រុមប្រឹក្សាឃុំអំពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការងារអភិវឌ្ឍន៍ឃុំរួចមក ឯកឧត្ដម ឆាយ វណ្ណា បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក្ខដាក់លើជីវភាពររស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍន៍មូលដ្ឋានឃុំ។
ជាមួយនោះ ឯឧត្ដម ក៏បានណែនាំឱ្យពង្រឹងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាពដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
ឯកឧត្ដម ឆាយ វណ្ណា បានជួយឧបត្ថមដល់អ្នកចូលរួមទាំងអស់ក្នុងម្នាក់ៗទទួលបានដបបំពង់ទឹក១ និងសារុង១ ៕
ដោយ ៖ វណ្ណលុក















