ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចុះហត្ថលេខាលើលទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល
(ភ្នំពេញ)៖ រយៈពេល ៥ថ្ងៃពេញ ជាប់គ្នានេះ ពោលគឺរាប់ចាប់ពីពេលប្រឡងបញ្ចប់ភ្លាមៗ គណៈកម្មការរៀបចំការប្រឡងប្រជែង បានបន្តការងារដោយមិនបង្អង់ដៃនោះទេ។ ដំណើរការកែសន្លឹកកិច្ចការ បូកពិន្ទុ និងផ្ទៀងផ្ទាត់ ដើម្បីជ្រើសរើសបេក្ខជនជាប់ជាស្ថាពរ សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល (ផ្អែកលើកិច្ចព្រមព្រៀងការងារ) ឱ្យចូលបម្រើការងារនៅតាមមណ្ឌលសុខភាព ក្នុងក្របខ័ណ្ឌក្រសួងសុខាភិបាល បានបញ្ចប់។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការនានា តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអ្នកសង្កេតការណ៍ នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យផ្ទៀងផ្ទាត់ និងចុះហត្ថលេខាលើលទ្ធផល សម្រាប់ការបេក្ខជនប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ និងមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល (ផ្អែកលើកិច្ចព្រមព្រៀងការងារ)។ ក្រុមការងារបានធ្វើទៅតាម នីតិវិធីទៅតាម ក្រោមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។
គួរបញ្ជាក់ផងដែរថា ជាលទ្ធផលនៃការប្រឡងមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបេក្ខជនចំនួន ៣៥៧នាក់ ស្រី ១៥៦នាក់ បានប្រឡងជាប់ជាស្ថាពរមន្ត្រីកសិកម្មឃុំ ដែលនិងត្រូវធ្វើការបែងចែកប៉ុស្តិ៍ជ្រើសរើសមន្រ្តីកសិកម្មឃុំ សរុប ២៣ខេត្ត និង ២១ក្រុង ១០៥ស្រុក ១០៥ឃុំ និង ៦៩សង្កាត់។ ជាមួយគ្នានេះផងដែរ សម្រាប់បេក្ខជនដែលប្រឡងជាប់ជាន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល (ផ្អែកលើកិច្ចព្រមព្រៀងការងារ) មានចំនួន ៣៤១នាក់ ក្នុងនោះ ស្រីចំនួន ២៤៦នាក់ លើតម្រូវការសរុប ៦៩៩នាក់៕
ដោយ ៖ វណ្ណលុក




