អភិបាលខេត្តតាកែវប្រាប់មន្រ្តីជលផល ត្រូវតែទប់ស្កាត់ល្មើសនេសាទឱ្យបាននៅក្នុងរដូវត្រីពង
តាកែវ៖ក្នុងពិធីលែងកូនត្រីចម្រុះនិងបង្កងចូលទៅក្នុងស្ទឹងអង្គរបូរី ស្រុកអង្គរបុរីកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥នេះ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានណែនាំដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសមន្ត្រីរដ្ឋបាលជលផល ត្រូវធ្វើយ៉ាងណាទប់ស្កាត់ឱ្យបានរាល់បទល្មើសនេសាទនៅក្នុងរដូវត្រីពងចាប់ពីខែសីហាដល់ខែតុលាខាងមុខ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានចង្អុលទៅលើប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជា ឧបករណ៍ឆក់ ឧបករណ៍ស្បៃមុង ថ្មស្អុយ គ្រឿងផ្ទុះ ជាដើម គឺជាអ្វីដែលត្រូវទប់ស្កាត់។ទន្ទឹមនេះ តាមរយៈពិធីលែងកូនត្រី នេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងចូលរួមក្នុងចលនាលែងត្រីនៅគ្រប់កន្លែងតាមមូលដ្ឋាន។
ទាក់ទងនឹងវិស័យជលផល លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ បានឱ្យដឹងថា នៅទូទាំងខេត្តមានសហគមន៍នេសាទចំនួន ១៩កន្លែង និងស្រះជម្រកត្រីចំនួន ៤៨កន្លែង។ ផលនេសាទសរុប ១១.៩២៩តោន ក្នុងនេះមានបង្កងធម្មជាតិ ១៤តោន និងវារីវប្បកម្ម ១០តោន។មាន កសិដ្ឋានផលិតកូនត្រីពូជចំនួន ២៣កន្លែង ដោយផលិត និងបំប៉នកូនត្រីចំនួន ជាង១៤លានកូន, បង្កងដៃវែង និងបង្កង អូស្រ្តាលីចំនួន ៨៥ម៉ឺនកូន និងកង្កែបជាង៣២ម៉ឺនកូន និងស្រះត្រីចំនួន ៧.៥០០ស្រះ ក្នុងនេះចិញ្ចឹមបង្កង ២០ស្រះ៕
ដោយ៖សាំង សារ៉ាវី