បញ្ហាតម្លៃស្រូវស្រងែនៅខេត្តបាត់ដំបង ត្រូវបានលើកយកមកពិភាក្សាដោះស្រាយ

បាត់ដំបង៖បញ្ហាតម្លៃស្រូវស្រងែ ត្រូវបានលើកយកមកប្រជុំពិភាក្សារកដំណោះស្រាយ នៅសាលប្រជុំសាលាខេត្ត​បាត់ដំបងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ក្រោមវត្តមានឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទ និងមានចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង អភិបាលរងខេត្ត មន្រ្តីរដ្ឋបាលខេត្ត មន្ទីរ​កសិកម្មខេត្ត មន្រ្តីកសិកម្មឃុំ និងបណ្តាក្រុមហ៊ុន ម្ចាស់រោងម៉ាស៊ីនកិនស្រូវពាក់ព័ន្ធនៅក្នុងខេត្តមួយចំនួន ។

ក្នុងកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ,បណ្តាម្ចាស់រោងម៉ាស៊ីនទាំង១១ បាន​ឯកភាព​ទទួលយកកិច្ចសហការជាមួយក្រសួងកសិកម្ម និងរដ្ឋបាលខេត្ត ក្នុងការចូលរួមអនុវត្តនូវការដោះស្រាយ​ថ្លៃស្រូវរួមគ្នា ដើម្បីកសាងទំនុកចិត្ត និងជួយប្រមូលទិញស្រូវពីបងប្អូនប្រជាកសិករ ឱ្យទទួលបាននូវតម្លៃសមរម្យ និង ទទួលយក​បាន​ទាំងប្រជាកសិករ និងក្រុមហ៊ុនម្ចាស់រោងម៉ាស៊ីន ដើម្បីធានាជំរុញទីផ្សារ ស្រូវស្រងែ ឱ្យកាន់តែមានប្រសិទ្ធភាព និង ប្រសើរជាងមុន។

គប្បីជម្រាបជូនថា មួយរយៈចុងក្រោយនេះ “ថ្លៃអង្ករស” នៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះពី៤៥០ដុល្លារ​ក្នុងមួយ​តោនមកត្រឹមរង្វង់៣៨០ដុល្លារក្នុងមួយតោន។ស្ថានភាពបែបនេះបានចាប់បង្ខំឱ្យរោងម៉ាស៊ីនភាគច្រើន ធ្វើការកាត់​បន្ថយពីការទិញចូលនូវស្រូវកិនក្នុងតម្លៃខ្ពស់ ។ស្ថានភាពនេះ បាននិងកំពុងដាក់សម្ពាធបន្តទៅលើការប្រមូលទិញ​ស្រូវសើមនៅតាមទីវាលផងដែរ។

តាមរយៈបណ្ដាញសង្គមផ្លូវការ ជាបន្តបន្ទាប់ក្រសួងកសិកម្មបានអំពាវនាវឱ្យប្រជាកសិករទាំងអស់ រួមគ្នាគិត​ពិចារណា​និងចូលរួមចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីអាចចុះកិច្ចសន្យា ដាំដុះពូជយុទ្ធសាស្ត្រ ដោយ​មានការធានាតម្លៃទុកជាមុន និងបញ្ចៀសនូវឧបសគ្គពីបញ្ហាតម្លៃទីផ្សារ។

ចំណែករបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានឱ្យដឹងថាការងារបង្កបង្កើន​ផលស្រូវរដូវវស្សាឆ្នាំ២០២៥ខេត្តបាត់ដំបង សម្រេចបានចំនួន ៤៦៧ ៦៨៣ ហិកតា ស្មើនឹង ១០៣,
៩២​ភាគរយ​លើផែនការ ៤៥០ ០០០ ហិកតា។ ទន្ទឹមនេះផ្ទៃដីប្រមូលផលចំនួន ៤៦៧ ៦៨៣ហិកតាជាមួយ​បរិមាណផលប្រមាណជាង១, ៧លានតោន៕ អត្ថបទ-រូបភាព÷ អ៊ុក សំអាន ប.ប

ads banner