លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលរួមបុណ្យសព និងសួរសុខទុក្ខក្រុមគ្រួសារយោធិនពលីក្នុងខេត្តចំនួន៣
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងជាអគ្គស្នងការ នៃសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមការងារបានអញ្ជើញចូលរួមបុណ្យសព និងសួរសុខទុក្ខក្រុមគ្រួសារយោធិនពលី ក្នុងខេត្តចំនួន៣ រួមមាន៖ ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តកែប នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ។
ក្នុងដំណើរអញ្ជើញចូលរួមបុណ្យសព និងសួរសុខទុក្ខក្រុមគ្រួសារយោធិនពលីនាថ្ងៃនេះ មានចំនួន៤គោលដៅ៖ គោលដៅទី១៖ គ្រួសារសព លោក អនុសេនីយ៍ឯក ណៃ ចន្ទី ស្ថិតនៅក្នុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ, គោលដៅទី២៖ គ្រួសារសព លោកវរសេនីយ៍ត្រី សូត្រ ពេជ្រ ស្ថិតនៅក្នុង ស្រុកឈូក ខេត្តកំពត, គោលដៅទី៣៖ គ្រួសារសព លោកពលបាលឯក ឈូក វ៉ាន់ត្រួយ ស្ថិតនៅក្នុង ស្រុកអង្គរជ័យ ខេត្តកំពត, និង គោលដៅទី៤៖ គ្រួសារសព លោកអនុសេនីយ៍ត្រី ចាន់ រដ្ឋធា ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវបណ្ឌិត បានពាំនាំនូវសាររំលែកទុក្ខពីសំណាក់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ជូនចំពោះក្រុមគ្រួសារនៃសពទាំង៤ខាងលើ និងបានសម្តែងនូវសេចក្តីសោកសង្វេគជាទីបំផុត ចំពោះការបាត់បង់នូវវីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើង ម្យ៉ាងគឺជាការបាត់បង់នូវស្វាមី ដែលប្រកបដោយសង្គហធ៌ម ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការបាត់បង់ឪពុក ប្រកប ដោយព្រហ្មវិហារធ៌មចំពោះកូនៗ ដែលពួកគាត់ទាំងនេះបានលៈបង់ អស់ពីកម្លាំងកាយចិត្ត បញ្ញាស្មារតី និងបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់កាលៈទេសៈ សំដៅរួមចំណែកយ៉ាងមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាយើង ដូចពាក្យស្លោកមួយលើកឡើងថា «ជីវិតជូនជាតិមាតុភូមិ អដ្ឋិធាតុជូនប្រពន្ធ កូន និងក្រុមគ្រួសារ»។
លោកជំទាវបណ្ឌិត សូមឧទ្ទិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធ វីរៈយុទ្ធជនទាំងអស់ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា នៅក្នុងឱកាសនេះដែរ ជំទាវបណ្ឌិត និងក្រុមការងារ បាននាំយកនូវគ្រឿង ឧបភោគបរិភោគ សម្ភារប្រើប្រាស់មួយចំនួន ជូនដល់ក្រុមគ្រួសារយុទ្ធជនពលីខាងលើ រួមនិងថវិកាផងដែរ៕
ដោយ ៖ វណ្ណលុក












