ក្រុមអនុព័ន្ធយោធា សាទរពីការធ្លាក់ចុះជនភៀសសឹកនៅ ខេត្តឧត្តរមានជ័យ ក្រោយ បទឈប់បាញ់

(ឧត្តរមានជ័យ)៖ ក្រុមអនុព័ន្ធយោធា បរទេសប្រចាំប្រទេសកម្ពុជា(MACPP) ចំនួន ៩ប្រទេស ដែលបានចុះពិនិត្យជនភៀសសឹកនៅ វត្តរត្តនឧត្តម មុនីគិរីសែនជ័យ ហៅវត្ត(ភ្នំកំបោរ)ស្ថិតនៅ ភូមិដូនកែវ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមាន​ជ័យ បានលើកឡើងក្រោយពីបទឈប់បាញ់ ដែលធ្វើឱ្យស្ថានការណ៍ ស្ងប់ស្ងាត់ ហើយ​អាច​ទុកចិត្តបាននាំគ្នាវិលត្រឡប់ទៅលំនៅដ្ឋានវិញច្រើនគ្រួសារ​នាពេលនេះ។

ទាក់ទិនក្នុងរឿងនេះ លោក វរសេនីយ៍ទោ Paul Payne អនុព័ន្ធការពារជាតិ​កាណាដា​ប្រចាំកម្ពុជា បានចុះទៅពិនិត្យជំរំបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួន នៅវត្ត(ភ្នំកំបោរ) នៅរសៀលថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០២៥នេះបានបង្ហាញ​ក្តីសាទរចំពោះការធ្លាក់ចុះនៃជនភៀសសឹក តាមរយៈការឱ្យដឹងពី អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអំពីផលប៉ះពាល់នៃការប៉ះទង្គិចនៅតាមព្រំដែននាពេលថ្មីៗកន្លងមក។

លោកបានបញ្ជាក់ថា៖«ខ្ញុំបានកត់សម្គាល់ឃើញជំរំមួយដែលត្រូវបានរចនាឡើងសម្រាប់ផ្ទះគ្រួសារមួយចំនួនដែលត្រូវបានផ្លាស់ទីលំនៅដោយសារជម្លោះក្នុងតំបន់នោះ”។

លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី (HARA TAKASHI) របស់ប្រទេសជប៉ុន ដែលបានបំពេញដំណើរ បេសកម្មនេះដែរបានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុក ដោយបង្ហាញការសោកស្តាយបំផុតចំពោះអ្នកដែលបានរងផលប៉ះពាល់ដោយជម្លោះកាលពីពេលថ្មីៗនេះ ។

លោកថា”លើកនេះ ខ្ញុំបានទៅលេងប្រាសាទ និងសាលារៀនមួយកន្លែងនៅជិត​ព្រំដែន​​ដែលរងការខូចខាតដោយសារការវាយប្រហារតាមផ្លូវអាកាស ក៏ដូចជា​ជម្រកសម្រាប់ជម្លៀស។ ខ្ញុំស្ងើចសរសើរ​ចំពោះស្នាមញញឹមរបស់ជនស៊ីវិលដែល​រងផលប៉ះពាល់ដោយជម្លោះដែលបានស្វាគមន៍ខ្ញុំនិង ខ្ញុំសង្ឃឹមថាអ្នកដែលជម្លៀស​នឹងអាចត្រឡប់ទៅផ្ទះវិញក្នុងពេលឆាប់ៗនេះ”។

គួរបញ្ជាក់ថា ក្រុមអនុព័ន្ធយោធាបរទេសប្រចាំប្រទេសកម្ពុជា(MACPP) ដែល បាន ចុះមកដល់ ខេត្ត ឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងទីតាំងវត្ត សាលា​រៀន ស្ថានីយប្រេង ដែលកងទ័ពថៃបានវាយប្រហារនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរ​មានជ័យ ចាប់ពីអំឡុងថ្ងៃទី ២៤ដល់ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥។សម្រាប់​ក្នុង​ចំណោមអនុព័ន្ធយោធាបរទេសទាំងនេះមកពីប្រទេសចំនួន៩ និង​មានចំនួនអ្នក​ចូល​រួម ១៤រូប មានដូចជា អូស្រ្តាលី អង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner