ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យចំនួនពីរគ្រួសារ
កំពង់ឆ្នាំង ៖ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ខេត្តកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តនិង ឯកឧត្តម ស៊ីវ រុនប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ ប្រជាពលរដ្ឋពីរគ្រួសារដែលរងគ្រោះដោយអគ្គិភ័យ ស្ថិតនៅភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានចូលរួមសំដែងនូវការសោកស្តាយជាពន់ពេកចំពោះឧប្បត្តិហេតុគ្រោះអគ្គិភ័យ ដែលបានកើតឡើងចំពោះប្រជាពលរដ្ឋទាំងពីរគ្រួសារនេះ បង្កឱ្យខូចខាតផ្ទះសម្បែងទ្រព្យសម្បត្តិ។ឯកឧត្តមក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែបានយកចិត្តទុក្ខដាក់ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ។
ក្នុងឱកាសដដែលនេះឯកឧត្តមទេសរដ្ឋមន្រ្តី ,ឯកឧត្តមអភិបាល ,ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបាននាំយកអំណោយគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ទឹកសុទ្ធនិងថវិកាមួយចំនួនជូនដល់គ្រួសាររងគ្រោះដោយអគ្គិភ័យនេះផងដែរ។
គួរបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៩ ខែសីហានៅផ្សារព្រៃខ្មែរ ភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីអគ្គិភ័យមួយបានកើតឡើងបណ្ដាលឱ្យផ្ទះមួយខ្នងត្រូវឆេះទាំងស្រុង ។ចំណែកផ្ទះដែលនៅជាប់គ្នាឆេះជញ្ជាំងមួយចំហៀង ៕
ដោយ៖ សុខ គឹមសៀន
