អ៊ីស្រាអែលថា នឹងឈ្នះសង្គ្រាមនៅហ្គាហ្សា ទោះគ្មាននរណាគាំទ្រ
បរទេស ៖ មេធំប្រទេសអ៊ីស្រាអែល លោក Netanyahu បាននិយាយថា នឹងឈ្នះសង្រ្គាម នៅ Gaza បើទោះបីជាគ្មានការគាំទ្រ ពីប្រទេសផ្សេង ក៏ដោយ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ បានវាយបកវិញ ចំពោះរលកនៃការរិះគន់ ដែលផ្តោតលើការសម្រេចចិត្ត របស់គណៈរដ្ឋមន្ត្រី ក្នុងការពង្រីកសង្រ្គាម នៅក្នុងតំបន់ Gaza ដោយនិយាយថា ប្រទេសនេះ ត្រូវបានរៀបចំ ដើម្បីប្រយុទ្ធ តាមរបៀប ដោយគ្មានការគាំទ្រ ពីអ្នកដទៃ។
លោក នាយករដ្ឋមន្ត្រី បាននិយាយថា «យើងនឹងឈ្នះសង្គ្រាម ទោះបីមាន ឬ គ្មានការគាំទ្រ ពីអ្នកដទៃ»។ លោក បានបន្តថា ប្រតិបត្តិការថ្មី ដែលគ្រោងនឹងចាប់ផ្តើមដោយយោធា នៅតំបន់ហ្គាហ្សា នឹងប្រព្រឹត្តទៅ ក្នុងពេលវេលាដ៏ខ្លី។
ការអះអាងនេះ បានធ្វើឡើង ស្របពេលដែល មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បានព្រមានថា ផែនការរបស់អ៊ីស្រាអែល ក្នុងការកាន់កាប់ទីក្រុង Gaza ដែលជាទីក្រុងដ៏សំខាន់ នៃតំបន់ Gaza Strip ទាំងមូល នឹងអាចបង្កឱ្យមានគ្រោះមហន្តរាយ មួយផ្សេងទៀត ជាមួយនឹងផលវិបាក លើសពីទឹកដី ដែលបានប្រយុទ្ធគ្នា ស្រាប់។
ជំនួយការ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Jencaបានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា «ប្រសិនបើផែនការទាំងនេះ ត្រូវបានអនុវត្ត វានឹងបង្កឱ្យមានគ្រោះមហន្តរាយមួយផ្សេងទៀត នៅ Gaza ដែលកំពុងកើតឡើងទូទាំងតំបន់ និងបណ្តាលឱ្យមានការផ្លាស់ទីលំនៅ ដោយបង្ខំ ការសម្លាប់ និង ការបំផ្លិចបំផ្លាញ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត