Al Jazeera ថា អ៊ីស្រាអែលសម្លាប់ បុគ្គលិករបស់ខ្លួន ២នាក់
បរទេស ៖ ទីភ្នាក់ងារព័ត៌មាន Al Jazeera បាននិយាយថា អ្នកកាសែត ៥នាក់ មានទាំងសហការី របស់ខ្លួន ២នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។
ទូរទស្សន៍ ដែលមានមូលដ្ឋាន នៅប្រទេសកាតា មួយនេះ បានអះអាងថា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ខ្លួន ២នាក់ រួមទាំង អ្នកកាសែតល្បីឈ្មោះម្នាក់ ត្រូវបានសម្លាប់ ជាមួយនឹងអ្នកថត រូបភាពព័ត៌មាន បីនាក់ ផ្សេងទៀត។
តាមរយៈសេចក្តីថ្លែងការណ៍មួយ យោធាអ៊ីស្រាអែល បានប្រកាសទទួលស្គាល់ ចំពោះការកំណត់គោលដៅ វាយប្រហារលើ លោក Anas al-Sharif ជាអ្នកយកព័ត៌មាន ដែលខ្លួនចោទថា ជា «ភេរវករ» មានទំនាក់ទំនង ជាមួយក្រុមសកម្មប្រយុទ្ធ ហាម៉ាស។
យោងតាមក្រុមអ្នកឃ្លាំមើល ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា នេះគឺជាការវាយប្រហារ ចុងក្រោយបំផុត ដែលឃើញថា អ្នកកាសែត ជាគោលដៅ នៅក្នុងសង្គ្រាម រយៈពេល២២ខែ នៅហ្គាហ្សា ដោយមានបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយប្រហែល ២០០នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេល នៃ ជម្លោះនេះ។
ជាការកត់សម្គាល់ លោក Al-Sharif គឺជាអ្នកកាសែតល្បី ក្នុងពេលបំពេញបេសកកម្ម នៅតំបន់ហ្គាហ្សា ដោយតែងតែផ្តល់របាយការណ៍ប្រចាំថ្ងៃ នៅក្នុងការផ្សាយ ជាទៀងទាត់។
កាលពីខែកក្កដា គណៈកម្មាធិការការពារអ្នកសារព័ត៌មាន បានចេញសេចក្តីថ្លែងការណ៍មួយ អំពាវនាវឱ្យមានការការពារ រូបលោក ខណៈដែលលោកបានចោទប្រកាន់អ្នកនាំពាក្យយោធាអ៊ីស្រាអែល ថា បង្កើនការវាយប្រហារ តាមអ៊ីនធឺណិត លើរូបខ្លួន ដោយចោទប្រកាន់ថា ជាភេរវករ ហាម៉ាស៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត