កូរ៉េខាងជើងថ្កោលទោសសមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូងនាពេលខាងមុខ
ព្យុងយ៉ាង ៖ ប្រមុខការពារជាតិកូរ៉េខាងជើងចេញមុខថ្កោលទោសការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរវាងអាមេរិក និងកូរ៉េខាងត្បូង ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី១៨ ខែសីហានេះ ដោយនិយាយថា ទង្វើបែបនេះនឹងបង្កបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរដល់បរិយាកាសសន្តិសុខនៅឧបទ្វីបកូរ៉េ។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក No Kwang Chol និយាយថា សមយុទ្ធអាមេរិក-កូរ៉េខាងត្បូង មានឈ្មោះថា Freedom Shield ដែលរៀបចំឡើងក្រោមលក្ខខណ្ឌក្លែងធ្វើសង្រ្គាមនុយក្លេអ៊ែរពិតប្រាកដ, មិនត្រឹមតែជាការបង្កហេតុខាងយោធាដោយផ្ទាល់ប្រឆាំងនឹងកូរ៉េខាងជើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការគំរាមកំហែងពិតប្រាកដដល់ឧបទ្វីបកូរ៉េ និង បង្កអស្ថិរភាពក្នុងតំបន់ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA)។
លោក No មានវ័យ៦៩ឆ្នាំរូបនេះបន្តថា ការគំរាមកំហែងផ្នែកយោធាឯកតោភាគី និងការប៉ុនប៉ងប្រឈមមុខដាក់គ្នាដោយអាមេរិក-កូរ៉េខាងត្បូង គឺជាហេតុផលចម្បងដែលធ្វើអោយស្ថានភាពនៅលើឧបទ្វីបកូរ៉េ និងក្នុងតំបន់កំពុងផ្លាស់ប្តូរអវិជ្ជមានពីមួយថ្ងៃទៅមួយថ្ងៃ។
ហេតុដូច្នេះហើយ បេសកកម្មដាច់ខាតរបស់កងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើង គឺការទប់ស្កាត់ចលនាវាយលុករបស់រដ្ឋសត្រូវ, ប្រឆាំងនឹងការបង្កហេតុយោធារបស់ពួកគេ ព្រមទាំងការពារសន្តិសុខរដ្ឋ និងសន្តិភាពក្នុងតំបន់។
លើសពីនេះ កងកម្លាំងប្រដាប់អាវុធកូរ៉េខាងជើងនឹងទប់ទល់នូវសមយុទ្ធសង្រ្គាមរបស់អាមេរិក-កូរ៉េខាងត្បូង ជាមួយនឹងឥរិយាបថប្រឆាំងដ៏ម៉ឺងម៉ាត់ ហើយអនុវត្តយ៉ាងតឹងរ៉ឹងនូវសិទ្ធិអធិបតេយ្យភាពរបស់កូរ៉េខាងជើង ក្នុងកម្រិតសិទ្ធិការពារខ្លួន ក្នុងករណីមានការបង្កហេតុណាមួយហួសពីខ្សែបន្ទាត់ព្រំដែន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា