អូស្រ្តាលីថា លោក Netanyahu មិនជឿថាជនស៊ីវិលស្លូតត្រង់ហ្គាហ្សារស់រងទុក្ខវេទនា
កង់បេរ៉ា ៖ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បាននិយាយនៅថ្ងៃអង្គារនេះថា មេដឹកនាំអ៊ីស្រាអែល លោក Benjamin Netanyahu កំពុងបដិសេធអំពីស្ថានភាពវិបត្តិមនុស្សធម៌ដ៏អាក្រក់នៅតំបន់ហ្គាហ្សា ដែលធ្វើឱ្យជនស៊ីវិលស្លូតត្រង់ជាច្រើនរស់នៅដូចឋាននរក ខណៈការអះអាងនេះកើតឡើងមួយថ្ងៃបន្ទាប់ពីលោកបានប្រកាសថា អូស្ត្រាលីនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាលើកដំបូង។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ ABC លោកនាយករដ្ឋមន្រ្តី Albanese បានរំលឹកឡើងវិញអំពីការសន្ទនាទូរស័ព្ទជាមួយមេដឹកនាំអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ ជុំវិញបញ្ហានេះថា លោក Netanyahu បានបដិសេធ ឬមិនជឿចំពោះផលវិបាកផ្នែកមនុស្សធម៌ ដែលកំពុងកើតឡើងនៅក្នុងជីវិតរស់នៅរបស់ប្រជាជនហ្គាហ្សាស្លូតត្រង់។
លោក Albanese មានវ័យ៦២ឆ្នាំរូបនេះ បានលើកឡើងថា ការស្ទាក់ស្ទើររបស់រដ្ឋាភិបាលលោក Netanyahu ក្នុងការស្តាប់ពាក្យសម្តីសម្ព័ន្ធមិត្តរបស់ខ្លួន ពាក់ព័ន្ធនឹងវិបត្តិមនុស្សធម៌នៅហ្គាហ្សា កំពុងរួមចំណែកដល់ការសម្រេចចិត្តរបស់អូស្ត្រាលី ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ។
មេដឹកនាំអូស្រ្តាលីរូបនេះបានសង្កត់ធ្ងន់ទៀតថា អូស្ត្រាលីនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការនៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅខែក្រោយ ដែលនេះជាវិធានការដាក់បន្ថែមសម្ពាធជាអន្តរជាតិលើអ៊ីស្រាអែល ខណៈបារាំង អង់គ្លេស នូវែលសេឡង់ និងកាណាដា ក៏គ្រោងនឹងធ្វើរឿងនោះផងដែរ។


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា