ខេត្តកណ្ដាល ចែកប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៦០៩៤ប័ណ្ណ ជូនប្រជាពលរដ្ឋចំនួន ៨ភូមិ ក្នុងក្រុងសំពៅពូន
(ខេត្តកណ្តាល)៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីចែកប័ណ្ណនាថ្ងៃនេះ សូមជួយផ្សព្វផ្សាយជូនដំណឹងដល់ពលរដ្ឋដែលមិនបានមក សូមរួសរាន់អញ្ជើញមកទទួលយកប័ណ្ណកម្មសិទ្ធិដីធ្លីឱ្យបានគ្រប់ៗគ្នាពីមន្ត្រីសុរិយោដីក្នុងមូលដ្ឋាន ។
ការអំពាវនាវនេះធ្វើឡើង ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ៦០៩៤ប័ណ្ណ ជូនប្រជាពលរដ្ឋ ចំនួន ៨ភូមិ រួមមាន ៖ ភូមិព្រែកត្រឡាច ភូមិកំពង់ដរ ភូមិជ្រោយតាកែវ ភូមិព្រែកតាឃិន ភូមិព្រែកតាទៀង ភូមិព្រែកតាសេក ភូមិដើមពោធិ៍ និងភូមិព្រែកភូមិ សង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម លី សុវណ្ណារិទ្ធ រដ្ឋលេខាធិការ នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ ។
ឯកឧត្តម គួច ចំរើន បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ នៅពេលទទួលបានហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវគិតគូទុកដាក់ថែរក្សាឱ្យបានល្អ ពីព្រោះប័ណ្ណកម្មសិទ្ធដីធ្លី គឺពិតជាមានសារៈសំខាន់ និងមានតម្លៃណាស់ ក្នុងការសម្គាល់សិទ្ធិកាន់កាប់ ការទិញលក់ បញ្ចាំ ដីធ្លីរបស់ខ្លួនស្របតាមច្បាប់ ពិសេសដីមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវគឺពិតជាមានតម្លៃជាងដីដែលគ្មានប័ណ្ណកម្មសិទ្ធិ ពីព្រោះដីដែលមានកម្មសិទ្ធិគឺបញ្ជាក់ថា ដីដែលមានសុវត្ថិភាព ទទួលស្គាល់ដោយអាជ្ញាធរ ជៀសផុតពីការរំលោភបំពាន និងកាត់បន្ថយជម្លោះ ។
ក្រៅពីការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រីវាស់វែង និងអាជ្ញាធរក្រុងសំពៅពូន ដែលបានខិតខំយកចិត្តទុកដាក់ចាប់តាំងពីការវាស់វែងដំបូង រហូតដល់សម្រេចបានការចែកប័ណ្ណនាពេលនេះ ប្រកបដោយភាពជោគជ័យ គ្មានទំនាស់ និងបញ្ហាគួឱ្យកត់សម្គាល់កើតឡើង។
ការចុះបញ្ជីដីធ្លី គឺជាផ្នែកមួយដ៏មានសារៈសំខាន់ ក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងជាទូទៅ គឺសំដៅពង្រឹងសន្តិសុខកម្មសិទ្ធិដីធ្លី ទីផ្សារដីធ្លី ទប់ស្កាត់ ឬដោះស្រាយជម្លោះដីធ្លី គ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយសមធម៌ និរន្តរភាព និងប្រសិទ្ធភាព ព្រមទាំងជំរុញការបែងចែកដីធ្លីប្រកបដោយសមធម៌ ដោយរក្សានិរន្តរភាពបរិស្ថាន និងទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់។
ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានគាំទ្រទាំងសម្ភារៈ និងស្មារតីដល់វរៈកងទ័ពជួរមុខ ដែលបានបង្ហាញពីការស្នេហាជាតិ សាមគ្គីភាព ការឯកភាពគ្នា រួបរួមគ្នាក្នុងការពារបូរណភាពទឹកដី ជាពិសេសប្រជាពលរដ្ឋទាំងអស់បានគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននាពេលកន្លងមកប្រកបដោយភាពជោគជ័យ សូមបន្តរក្សាការគាំទ្រនេះជាមួយរដ្ឋាភិបាលដើម្បីសុខសន្តិភាពយូរអង្វែងតទៅទៀត៕






ដោយ ៖ ង៉ាន់ ទិត្យ