ផ្លូវក្រាលគ្រួសក្រហមមួយខ្សែនៅស្រុកសូទ្រនិគម បញ្ចប់ការស្ថាបនា

សៀមរាប​៖គម្រោងផ្លូវក្រាលដីល្បាយគ្រួសមួយខែ្សប្រវែង១.៧០០ម៉ែត្រ មានទទឹង ៨ម៉ែត្រ កម្រាស០,២ម៉ែត្រ (ដាក់លូមូលមុខពីរចំនួនពីរកន្លែង និងលូមុខមួយចំនួនពីរកន្លែង)ដែលតភ្ជាប់ពីភូមិកន្សែងលើ ទៅភូមិគោកចិន ក្នុងឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលអនុវត្តដោយនាយក​ដ្ឋានស្ថាបនា និង វិស្វកម្ម នៃអគ្គនាយក​ដ្ឋាន​ភស្តុភារ និងហិរញ្ញវត្ថុនៃក្រសួង​មហាផ្ទៃត្រូវបានបញ្ចប់ការស្ថាបនា។

ក្នុងសប្ដាហ៍នេះគណៈប្រតិភូអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹក​នាំដោយឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការនិងជាសមាជិកគណៈកម្មការលទ្ធកម្ម តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងមន្រ្តីពាក់ព័ន្ធបានអញ្ជើញ​ទៅពិនិត្យ និងវាយតម្លៃការដ្ឋានដែលទើបបញ្ចប់នេះ។

លោក គឹម វណ្ណៈ អភិបាលស្រុកសូទ្រនិគមបានឱ្យដឹងថា ផ្លូវមួយខ្សែនេះ បានសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការ​ប្រាស័្រយទាក់ទងគ្នា​ពីភូមិមួយ​ទៅភូមិ​មួយនៅក្នុងមូលដ្ឋានឃុំ ស្រុក ។ដោយឡែកនៅឃុំចាន់ស នេះដែរទាំង​រដូវប្រាំង និងវស្សា ក្រៅពីការធ្វើស្រូវ ចម្ការ កសិករ​ក៏បានធ្វើការដាំបន្លែបង្កា​គ្រប់មុខផ្គត់ផ្គង់​ដល់ទីផ្សារទៀតផង។ដូចនេះផ្លូវមួយខ្សែនេះបានរួមចំណែកការបន្ថយភាព​ក្រីក្រ​របស់ប្រជាជនយ៉ាងពិតប្រាកដ។

ក្នុងពេលចុះពិនិត្យវាយតម្លៃ ឯកឧត្តម ជី ស៊ីថា ក៏បានធ្វើការណែនាំមួយចំនួន​ដល់នាយកដ្ឋានស្ថាបនា និង វិស្វកម្ម ដែលទទួលអនុវត្តគម្រោងកែសម្រួល​ទៅតាមបច្ចេកទេសនៅចំណុចមួយចំនួនដែលពុំទាន់បានល្អនៅឡើយ៕
ដោយ៖ប៊ុន រដ្ឋា

ads banner