ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ក្នុងខេត្តកំពង់ស្ពឺ អាចបណ្តុះកូនឈើច្រើនជាង ១លានដើម

(ភ្នំពេញ)៖ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ដែលមានសមត្ថភាពអាចបណ្តុះកូនឈើបានច្រើនជាង ១លានដើម បានសាងសង់រួចជាស្ថាពរ និងត្រៀមបណ្តុះកូនឈើជូនប្រជាពលរដ្ឋកម្ពុជា យកទៅដាំដុះ និងប្រើប្រាស់តាមតម្រូវការ ដោយមានភ្ជាប់ជាមួយ App សម្រាប់តាមដានការលូតលាស់ សុខភាពកូនឈើ និងការណែនាំពីការដាំដុះដែរ។

នៅក្នុងដំណើរចុះពិនិត្យផ្ទាល់ ទីតាំងថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ក្នុងភូមិសាស្រ្តឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តម បានថ្លែងថា លើសពីសមត្ថភាពផលិតកូនឈើបានជាច្រើនជាង ១លានដើម ក្នុងមួយឆ្នាំ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នេះ នឹងក្លាយជាទីកន្លែងទាក់ទាញទេសចរឱ្យមកទស្សនា និងថតរូបលេង។

ជាមួយគ្នានេះ ក្រៅពីការរៀបចំផលិតថ្នាលជាជួរៗ ដែលលម្អដោយកូនគ្រប់ប្រភេទពេញដោយភាពបៃតងស្រស់ ថ្នាលនេះក៏មានរចនាបន្ថែមដោយមានដាំផ្កាក្រដាស និងផ្កាចំប៉ីអម និងមានសួនច្បារស្រស់ស្អាត ដែលផ្តល់ជាកន្លែងមានម្លប់ត្រឈឹងត្រឈៃសម្រាប់អង្គុយលេងកម្សាន្ត មានហាងកាហ្វេ មានបន្ទប់ទឹកអនាម័យ សម្រាប់ទេសចរគយគន់ទេសភាពបែបអេកូទេសចរណ៍របស់កម្ពុជា នៅក្នុងភូមិសាស្រ្តស្រុកឱរ៉ាល់ ដែលមានភាពផ្សារភ្ជាប់ទៅនឹងតំបន់អេកូទេសចរណ៍ផ្សេងៗទៀត ដែលស្ថិតក្បែរតំបន់ភូមិសាស្រ្តមួយនេះ ឱ្យក្លាយជារបៀងទេសចរណ៍ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍដែលធ្វើឱ្យសហគមន៍មូលដ្ឋានមានជីវភាពល្អប្រសើរ និងមានភាពជាម្ចាស់នៅតាមសហគមន៍តំបន់ការពារធម្មជាតិ។

គួរបញ្ជាក់ថា អនុវត្តតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់ទី១នេះ ក្រសួងបរិស្ថានបានសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ចំនួន០៥ស្ថានីយ៍ ក្នុងនោះថ្នាលបណ្តុះកូនឈើតំបន់ទី១(៣ហិកតា)សាងសង់នៅក្នុងស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ទី២នៅក្នុងស្រុកគូលែន ខេត្តសៀមរាប (១០ហិកតា) ទី៣. នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ(២០ហិកតា) ទី៤. នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី (១០ហិកតា) និងទី៥ នៅស្រុកកោះកុង ខេត្តកោះកុង (៣ហិកតា)៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner