អាមេរិក ការពារអ៊ីស្រាអែល ដោយថាពួកហាម៉ាស់អាចបន្លំខ្លួនធ្វើជាអ្នកកាសែត នៅហ្គាហ្សា

ហ្គាហ្សា ៖ លោកស្រី Tammy Bruce អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃទី១២ ខែសីហា ថា ពួកសកម្មប្រយុទ្ធហាម៉ាស់អាចបន្លំខ្លួនធ្វើជាអ្នកកាសែត នៅតំបន់ហ្គាហ្សា។ លោកស្រី បានប្រាប់បែបនេះ ក្នុងពេលបដិសេធ មិនស្តីបន្ទោស ដល់អ៊ីស្រាអែល ជុំវិញការសម្លាប់អ្នកសារព័ត៌មាន របស់ទីភ្នាក់ងារព័ត៌មាន Al Jazeera ចំនួន ៥ នាក់ នៅតំបន់ហ្គាហ្សា នាពេលថ្មីៗនេះ។

នៅពេលដែលសួរថា តើអាមេរិក រិះគន់អ៊ីស្រាអែល ជុំវិញរឿងនេះទេ លោកស្រីបានឆ្លើយតបថា លោកស្រី គោរពចំពោះអ្នកកាសែត ដែលតស៊ូយកព័ត៌មាន នៅតំបន់សង្រ្គាម ប៉ុន្តែ បាននិយាយថា សមាជិករបស់ក្រុមប្រដាប់អាវុធហាម៉ាសបានបង្កប់នៅក្នុងសង្គម រួមទាំង ការតាំងខ្លួន ធ្វើជាអ្នកកាសែត ផងដែរ»។ ជុំវិញការសម្លាប់អ្នកកាសែតទាំងនោះ លោកស្រី បានឲ្យបង្វែរសំណួរ សួរទៅកាន់សម្ព័ន្ធមិត្ត អ៊ីស្រាអែល របស់ខ្លួន។

គួរបញ្ជាក់ថា រដ្ឋាភិបាលអ៊ឺរ៉ុប , ប្លុកអារ៉ាប់ អង្គការសហប្រជាជាតិ ព្រមទាំង ក្រុមសិទ្ធិប្រព័ន្ធផ្សព្វផ្សាយទាំងអស់ សុទ្ធតែបានសម្តែងការខឹងសម្បារ ចំពោះការសម្លាប់នេះ។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បាននិយាយថា ចាំបាច់ត្រូវមាន “ភស្តុតាងច្បាស់លាស់” សម្រាប់ការចោទប្រកាន់របស់អ៊ីស្រាអែល និងការគោរពច្បាប់នៃសង្គ្រាម ប្រឆាំងនឹងការផ្តោតគោលដៅ វាយប្រហារលើអ្នកកាសែត។

យ៉ាងណា អ៊ីស្រាអែល បានទទួលស្គាល់ថា បានសម្លាប់អ្នកកាសែតមែន តែអះអាងថា ជាក្រុមហាម៉ាស់។

អង្គការសហប្រជាជាតិ ទើបបានចេញរបាយការណ៍ចុងក្រោយថា មានអ្នកកាសែត ចំនួន ២៤២នាក់ ត្រូវបានសម្លាប់ នៅតំបន់ហ្គាហ្សា ចាប់តាំងពីមានសង្គ្រាម កាលពីឆ្នាំ២០២៣ មក។

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner