លោក Trump អាចនឹងបន្តទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី បន្ទាប់ពីជួបលោក Putin រួច
អាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump អាចនឹងបន្ត ទៅបំពេញទស្សនកិច្ច ជាផ្លូវការ នៅប្រទេសរុស្ស៊ី បន្ទាប់ពីជួបចរចា ជាមួយ លោក Vladimir Putin នៅរដ្ឋអាឡាស្កា នាថ្ងៃសុក្រ សប្តាហ៍នេះ រួចរាល់។
ទីភ្នាក់ងារព័ត៌មាន RT នៅថ្ងៃទី១៣ ខែសីហានេះ បានចុះផ្សាយ ដកស្រង់សម្តីរបស់លោកស្រី Karoline Leavitt អ្នកនាំពាក្យសេតវិមាន ដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអង្គារថា គម្រោងទៅបំពេញទស្សនកិច្ច នៅទីក្រុងមូស្គូ របស់លោកប្រធានាធិបតី Trump នាពេលអនាគត គឺអាចទៅរួច។
រីឯ ទីក្រុងមូស្គូ ធ្លាប់បានបញ្ជាក់ថា ខ្លួនរំពឹងចង់ឲ្យមានជំនួបបន្ទាប់ របស់មេដឹកនាំទាំងពីរ ក្រោយពេលបញ្ចប់ការជួបចរចាគ្នា នៅរដ្ឋ អាឡាស្កា នាថ្ងៃទី១៥ ខែសីហា ខាងមុខនេះ។
ជុំវិញរឿងនេះ ជំនួយការ របស់វិមានក្រឹមឡាំង លោក Yury Ushakov បាននិយាយ កាលពីសប្តាហ៍មុនថា លោក Trump ត្រូវបានផ្ញើលិខិតអញ្ជើញជាផ្លូវការ ចំពោះដំណើរទស្សនកិច្ចនេះ រួចរាល់ហើយ។
គួរបញ្ជាក់ថា ជំនួបកំពូល Trump-Putin នៅលើទឹកដីសហរដ្ឋអាមេរិក នាប៉ុន្មានថ្ងៃខាងមុខនេះ ត្រូវបានរំពឹងថា នឹងផ្តោតលើការដោះស្រាយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និង ការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។
ជុំវិញគម្រោងជំនួបកំពូលនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ទើបបានជួបពិភាក្សាជាមួយមេដឹកនាំអឺរ៉ុប ក្នុងគោលបំណងបង្កើនសម្ពាធ លើប្រធានាធិបតីអាមេរិក លោក Donald Trump ឱ្យឈរនៅខាងអ៊ុយក្រែន ពេលជួបជាមួយសមភាគីរុស្ស៊ី លោក Putin នាពេលខាងមុខ។ មេដឹកនាំអឺរ៉ុប គ្រោងបញ្ជាក់ប្រាប់ លោក Trump ដែរថា គ្មានការសម្រេចចិត្តណាមួយ គួរតែត្រូវបានធ្វើឡើង ដោយគ្មានវត្តមានអ៊ុយក្រែន រួមទាំង ការផ្លាស់ប្តូរព្រំដែន ដោយបង្ខំ ផងដែរ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC ៕
ប្រភពពី RT, BBC ប្រែសម្រួល ៖ សារ៉ាត