មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបញ្ជាក់ពីសារសំខាន់របស់មន្ត្រីព័ត៌មាន និងសាធារណមតិរាជធានី ខេត្ត
វគ្គបំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីពាក់ព័ន្ធមកពីមន្ទីរព័ត៌មាននៃខេត្តចំនួន៥ចូលរួមបានប្រារព្ធកាលព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នៅសាលាខេត្តក្រចេះ ក្រោមអធិបតីភាពឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការតំណាងឯកឧត្តម នេត្រ ភាក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

លោកស្រី ណៃ ធីតា ប្រធានមន្ទីរព័ត៌មានខេត្តក្រចេះបានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ ខែសីហា។ សិក្ខាកាមចូលរួមភាគច្រើនជាមន្ត្រីទទួលបន្ទុកព័ត៌មាន និងសាធារណមតិដែលមកពីមកពីមន្ទីរព័ត៌មានចំនួន៥ មាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនៈគិរី និងខេត្តមណ្ឌលគិរី។

ថ្លែងទៅកាន់សិក្ខាកាម ឯកឧត្តម ឆាយ សុផល បានលើកឡើងថា មន្ត្រីព័ត៌មាន និងសាធារណមតិនៅរាជធានី ខេត្ត មានតួនាទីសំខាន់ជាសេនាធិការក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តក្នុងការផលិត និងផ្សព្វផ្សាយអំពីសកម្មការងារ និងសមិទ្ធផលក្នុងរាជធានី ខេត្ត ពិសេសពាក់ព័ន្ធនឹងវិស័យគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល។ឯកឧត្តមបានបន្តដោយជំរុញប្រសិទ្ធភាពការងារសាធារណមតិឱ្យក្លាយជាមធ្យោបាយដ៏សំខាន់មួយក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់ មានភាពចាំបាច់ដើម្បីការទទួល និងផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយពីថ្នាក់ក្រោមជាតិទៅថ្នាក់ជាតិ និងពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិវិញ សំដៅដោះស្រាយបញ្ហា និងឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋនៅក្នុងមូលដ្ឋានឱ្យទាន់ពេលវេលា។

ឯកឧត្តមរដ្ឋលេខាធិការបានគូសរំលេចថា ក្រសួងព័ត៌មានមានបំណងប្រែក្លាយឱ្យទៅស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ។ មន្ត្រីនៃមន្ទីរព័ត៌មានរាជធានីខេត្តត្រូវស្វែងយល់និងក្តាប់នូវសភាពការណ៍ឱ្យជាប់ ច្បាស់លាស់ ដែលបានកើតឡើងក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗ។

លោក ស្រេង សុភាព អភិបាលរង និងជាប្រធានអ្នកនាំពាក្យខេត្តក្រចេះ បានចាត់ទុកវគ្គបំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិជូនដល់មន្ត្រីមន្ទីរព័ត៌មានដែលមាន តួនាទីគ្រប់គ្រងព័ត៌មាននិងសាធារណមតិក្នុងខេត្ត នឹងជួយបង្កើនសមត្ថភាពមន្ត្រីពាក់ព័ន្ធឱ្យយល់ច្បាស់ពី គន្លឹះសំខាន់ៗការងារព័ត៌មាន និងសាធារណមតិនេះ ។
សូមបញ្ជាក់ថា វគ្គបំប៉នរយៈពេលពីរថ្ងៃនេះ នឹងមានបទអន្តរាគមន៍ស្តីពីការចងក្រងបណ្តាញ ការគ្រប់គ្រងព័ត៌មាន ការផលិតមាតិកាសម្រាប់ផ្សាយបែបឌីជីថល ជាពិសេសបណ្តាញសង្គម ដោយកញ្ញា បូរិន សុភាវុទ្ធតី អនុព័ន្ធសារព័ត៌មាននៃខុទ្ទកាល័យឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន , បទអន្តរាគមន៍ស្តីពី ការតាមដាន វិភាគ ចងក្រងព័ត៌មាន និងការឆ្លើយតបព័ត៌មានក្លែងក្លែងក្លាយដោយកញ្ញា ឆន ណាវី អគ្គនាយិការងនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ , បទអន្តរាគមន៍ស្តីពីរបៀបរបបការងាររបស់មន្ទីរព័ត៌មាន និងក្រុមការងារពាក់ព័ន្ធ ដោយលោក ខាត់ សុគន្ធឌីណា ប្រធានមន្ទីរសម្របសម្រួលមន្ទីររាជធានីខេត្ត, បទបង្ហាញស្តីពីការគ្រប់គ្រង និងវាយតម្លៃសមិទ្ធកម្មការងារ ដោយកញ្ញា ម៉ា បុប្ផាអនុប្រធាននាយកដ្ឋាននីតិកម្ម នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ , បទអន្តរាគមន៍ របស់ឯកឧត្តមបណ្ឌិត ឆាយសុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ស្តីពីបច្ចេកទេសរៀបចំ និងខ្លឹមសារបែបសាធារណមតិ និងបទអន្តរាគមន៍ស្តីពី ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី ដែលបង្ហាញដោយឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន៕
ដោយ៖ម៉ាដេប៉ូ
