UN ចោទយោធាមីយ៉ាន់ម៉ាធ្វើទារុណកម្មជាប្រព័ន្ធលើជនរងគ្រោះនៅកន្លែងឃុំឃាំង
ណៃពិដោ ៖ ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃទី១២ ខែសីហាថា ពួកគេបានរកឃើញភស្តុតាងពីការធ្វើទារុណកម្មជាប្រព័ន្ធ ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា និងដឹងអត្តសញ្ញាណជនល្មើសជាន់ខ្ពស់មួយចំនួន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Strait Times។
យន្តការស៊ើបអង្កេតឯករាជ្យ សម្រាប់សហភាពមីយ៉ាន់ម៉ា ហៅកាត់ (IIMM) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ដើម្បីវិភាគភស្តុតាងនៃការរំលោភធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ បានឲ្យដឹងថា ជនរងគ្រោះត្រូវរងការវាយដំ ឆក់ខ្សែភ្លើង ការច្របាច់ក និងទម្រង់នៃការធ្វើទារុណកម្មផ្សេងទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍អមដោយរបាយការណ៍មាន ១៦ទំព័រ ប្រធានផ្នែកយន្តការ IIMM លោក Nicholas Koumjian បានលើកឡើងថា យើងបានរកឃើញភស្តុតាងសំខាន់ៗ ដោយរួមមានទាំងសក្ខីកម្មពីសាក្សីផងដែរ ដែលបង្ហាញពីការធ្វើទារុណកម្មជាប្រព័ន្ធ នៅកន្លែងឃុំឃាំងរបស់មីយ៉ាន់ម៉ា។
របាយការណ៍ដដែលបានរៀបរាប់ទៀតថា ការធ្វើទារុណកម្ម ជួនកាលបណ្តាលឲ្យស្លាប់ ដោយបន្ថែមថា កុមារដែលជារឿយៗត្រូវបានឃុំខ្លួនដោយខុសច្បាប់តំណាងឲ្យឪពុកម្តាយដែលបាត់ខ្លួនរបស់ពួកគេ ស្ថិតក្នុងចំណោមអ្នករងទារុណកម្មទាំងនោះ។
ហើយរបាយការណ៍បានបញ្ជាក់ថា រដ្ឋាភិបាលគាំទ្រដោយយោធា មិនបានឆ្លើយតបឡើយ ចំពោះសំណើជាង ២០លើកពីក្រុមរបស់អង្គការសហប្រជាជាតិ ដើម្បីសុំព័ត៌មានអំពីឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់នេះ និងសំណើចូលទៅកាន់ប្រទេសមីយ៉ាន់ម៉ាទេ។
របបយោធាមីយ៉ាន់ម៉ាបាននិយាយថា ខ្លួនមានកាតព្វកិច្ចធានាសន្តិភាព និងសន្តិសុខ។ របបនេះបានបដិសេធថា អំពើឃោរឃៅនានាមិនបានកើតមានឡើយ ហើយបានទម្លាក់កំហុសទៅលើក្រុមភេរវករថា បានបង្កឲ្យមានភាពចលាចល។
អង្គការសហប្រជាជាតិនិយាយថា សហភាពមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពវឹកវរចាប់តាំងពីមានរដ្ឋប្រហារយោធាឆ្នាំ២០២១ ប្រឆាំងនឹងរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត ជាអ្វីដែលបានធ្វើឲ្យប្រទេសនេះ ធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលរហូតមកដល់ពេលនេះ។
ហើយយន្តការ IIMM កំពុងស៊ើបអង្កេតលើការរំលោភបំពាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ២០១១ រួមទាំងឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ានៅឆ្នាំ២០១៧ នៅពេលដែលមនុស្សរាប់សែននាក់ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីការបង្រ្កាបដោយរបបយោធា ហើយក្រុមមនុស្សដទៃទៀតបានរងផលប៉ះពាល់ចាប់តាំងពីរដ្ឋប្រហារ។
យន្តការ IIMM ក៏កំពុងគាំទ្រយុត្តាធិការស៊ើបអង្កេតឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់លើរបបដឹកនាំយោធាមីយ៉ាន់ម៉ា ដោយចក្រភពអង់គ្លេស និងតុលាការឧក្រិដ្ឋកម្មអន្តរជាតិផងដែរ៕
ប្រភព ៖ The Strait Times ប្រែសម្រួល ៖ ឈឹម ទីណា