គម្រោងថ្មី ផ្តល់មូលនិធិដោយសហភាពអឺរ៉ុប ដើម្បីពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា
(ភ្នំពេញ)៖ សភាពអឺរ៉ុប និងអង្គការអុកស្វាម រួមជាមួយវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ អង្គការ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងអង្គការសីលកា ប្រកាសជាផ្លូវការ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ស្តីពីការអនុវត្តគម្រោង ពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ គម្រោងដែលមាន រយៈពេល៣ឆ្នាំ (ចាប់ពីខែមិថុនា ២០២៥ ដល់ ខែឧសភា ២០២៨) និងផ្តល់មូលនិធិដោយសភាពអឺរ៉ុបចំនួន ៣,៥ លានអឺរ៉ូ នេះមានគោលបំណងពង្រឹងការចូលរួមរបស់ពលរដ្ឋ បង្កើនតម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងហិរញវត្ថុសាធារណៈ។
ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានមានប្រសាសន៍ថា “ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាពក្នុងការគ្រប់គ្រងថវិកាត្រូវបានយកចិត្តទុកដាក់ពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ការចូលរួមការអង្កេតលើការបើកចំហថវិកា (Open Budget Survey – OBS ) ដែលប្រព្រឹត្តទៅជារៀងរាល់ ២ឆ្នាំម្តង ចាប់ពីឆ្នាំ២០០៨ មក ។ ឯកឧត្តម ក៏សូមសម្តែងនូវការអរគុណចំពោះសហភាពអឺរ៉ុប (EU Delegation) និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អ ជាមួយរាជរដ្ឋាភិបាលនាពេលកន្លងមក ដែលជាលទ្ធផលពិន្ទុ OBS របស់កម្ពុជាមានការកើនឡើងខ្លាំង នៅឆ្នាំ២០២៣ ដោយទទួលបាន ៤៣ពិន្ទុ ធៀបនឹង ៣៣ពិន្ទុ នៅឆ្នាំ២០២១ ។
លោក Bryan FORNARI ប្រធានកិច្ចសហប្រតិបត្តិការ សហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានមានប្រសាសន៍នៅក្នុងកម្មវិធីប្រកាសចាប់ផ្តើមគម្រោង ការពង្រឹងការចូលរួមរបស់ពលរដ្ឋ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ថា គម្រោងដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបនេះបញ្ជាក់បន្ថែមពីការប្តេជ្ញាចិត្តរួមគ្នារវាងសហភាពអឺរ៉ុប និងរាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងតម្លាភាពសារពើពន្ធ និងគណនេយ្យភាព ដោយមានការចូលរួមពីប្រជាពលរដ្ឋ។
លោកបានកត់សម្គាល់ថា តាមរយៈការពង្រឹងយន្តការត្រួតពិនិត្យ និងបង្កើតឲ្យមានលំហរចូលរួមជាសាធារណៈថែមទៀត គម្រោងនេះរួមចំណែកដល់អភិបាលកិច្ចបែបបរិយាបន្ន និង ឆ្លើយតប។ លោកបានបញ្ជាក់ថា ការលើកកម្ពស់សិទ្ធិដល់ពលរដ្ឋក្នុងការចូលរួមការគ្រប់គ្រងធនធានសាធារណៈមានសារៈសំខាន់ណាស់ដើម្បីកសាងទំនុកចិត្តសាធារណៈ និងធ្វើឲ្យប្រសើរសេវាសាធារណៈ ។
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាម មានប្រសាសន៍ថា អភិបាលកិច្ចបែបប្រជាធិបតេយ្យចាប់ផ្តើមពីការចូលរួមរបស់ពលរដ្ឋដែលទទួលបានព័ត៌មានគ្រប់គ្រាន់។ តាមរយៈគម្រោងនេះ យើងមានមោទនភាពក្នុងសហការជាមួយអង្គការដៃគូ ដើម្បីពង្រឹងការចូលរួមរបស់ពលរដ្ឋ និងចូលរួមចំណែកធ្វើឱ្យប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកាន់តែមានតម្លាភាព និងគណនេយ្យភាព តាមរយៈកិច្ចសន្ទនាររវាងភាគីពាក់ព័ន្ធ។ គម្រោងនេះមិនត្រឹមតែចូលរួមចំណែកក្នុងដំណើរការនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេ ហើយថែមទាំងបង្កើននូវសម្លេងរបស់ពលរដ្ឋ និងធានាថាធនធានត្រូវបានប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍សាធារណៈយ៉ាងពិតប្រាកដ។
រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមដំណើរការកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ ចាប់តាំងពីឆ្នាំ២០០៤ ដោយបានពង្រឹងប្រព័ន្ធនៃការគ្រប់គ្រងថិវកា ជាពិសេសនៅថ្នាក់ជាតិ។ ជាពិសេស ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ បានពង្រឹងការប្រមូលចំណូលសារធារណៈ តាមរយៈការធ្វើទំនើបកម្ម និងឌីជីថលលូបនីយកម្ម នៃប្រព័ន្ធគយ និងពន្ធដារ ការធ្វើឱ្យប្រសើរឡើងនូវសេវាសម្រាប់អ្នកបង់ពន្ធ ការពង្រីកមូលដ្ឋានគិតពន្ធ និងការពង្រឹងអនុលោមភាព។ ការអនុវត្តប្រព័ន្ធបច្ចេកព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) បានចូលរួមលើកកម្ពស់តម្លាភាព, គណនេយ្យភាព និងប្រសិទ្ធភាព ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមរយៈការធ្វើស្វ័យប្រវត្តកម្មលើដំណើរការនានា រួមមាន ប្រតិបត្តិការរបស់រតនាគារ របាយការណ៍ហិរញ្ញវត្ថុ លទ្ធកម្មសាធារណៈ និងនីតិវិធីអនុវត្តហិរញ្ញវត្ថុ។
ទោះបីមានការរីកចម្រើនក៏ដោយ កម្ពុជា នៅតែប្រឈមនឹងបញ្ហាប្រឈមលើតម្លាភាពថវិកា និងប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។គម្រោងនេះត្រូវបានរៀវចំឡើងដើម្បីរួមចំណែក្នុងការឆ្លើយតបទៅនឹងគម្លាតទាំងនេះតាមរយៈវិធីសាស្ត្រជាយុទ្ធសាស្រ្ត រួមទាមងការលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋ ការពង្រឹងការត្រួតពិនិត្យថវិកា ការចូលរួមជាមួយស្ថាប័នរដ្ឋាភិបាល សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងសាធារណៈជនក្នុងការលើកកម្ពស់ចក្ខុវិស័យរួមនៃអភិបាលកិច្ចរួមគ្នា និងការគ្រប់គ្រងហិរញ្ញវត្ថុកាន់តែរឹងមាំ។
ព្រឹត្តិការណ៍នៃការប្រកាសនៃការអនុវត្តគម្រោងថ្ងៃនេះ ជាវេទិកាមួយដើម្បីលើកកម្ពស់កិច្ចសហការរវាងភាគីពាក់ព័ន្ធ និងផ្តល់ឱកាសក្នុងការចូលរួមផ្តល់មតិកែលម្អរ ដើម្បីធានាថាការអនុវត្តគម្រោងនឹងឆ្លើយតបនឹងបញ្ហាអាទិភាពរបស់ពលរដ្ឋនៅសហគមន៍មូលដ្ឋាន ៕
ដោយ ៖ វណ្ណលុក





