រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល​បញ្ញា​សិប្បនិម្មិតអាស៊ាននៅម៉ាឡេស៊ីឆ្នាំ២០២៥

ភ្នំពេញ៖តបតាមការអញ្ជើញរបស់ឯកឧត្ដម Gobind Singh Deo រដ្ឋមន្ត្រីក្រសួងឌីជីថលនៃប្រទេសម៉ាឡេស៊ីនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង​ទូរគមនាគមន៍​បានអញ្ជើញចូលរួមជា​ភ្ញៀវ​កិត្តិយសក្នុង “កិច្ចប្រជុំកំពូល​បញ្ញាសិប្បនិម្មិតអាស៊ាននៅម៉ាឡេស៊ីឆ្នាំ២០២៥” (ASEAN AI Malaysia Summit 2025) ។កម្មវិធីបើកនៃកិច្ចប្រជុំកំពូលនេះ​ប្រព្រឹត្ត​ទៅក្រោមអធិបតីភាពឯកឧត្ដម អានវ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim )នាយក​រដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំនេះរៀបចំឡើងដោយក្រសួងឌីជីថលនៃប្រទេសម៉ាឡេស៊ី ដើម្បីបង្ហាញអំពីការអភិវឌ្ឍនិងជំរុញ​កិច្ចសហការ​ផ្នែកបញ្ញាសិប្ប​និម្មិតនៅអាស៊ាន ជាពិសេសកិច្ចខំប្រឹងប្រែងនិងសមិទ្ធផលរបស់ម៉ាឡេស៊ី ដោយមានការចូលរួមពី​រដ្ឋមន្រ្តីនិងថ្នាក់ដឹកនាំនៃក្រសួងទទួលបន្ទុក​វិស័យ​ឌីជីថលនៃបណ្តាប្រទេសអាស៊ាន អង្គការអន្តរជាតិ និងវិស័យ​ឯកជន ប្រមាណ ៥ ០០០ នាក់។

ក្នុងឱកាសនេះឯកឧត្ដម ជា វ៉ាន់ដេត​បានអញ្ជើញជាវាគ្មិនក្នុងកិច្ច​ពិភាក្សា​ជាមួយសមភាគី​ប្រទេស​ម៉ាឡេស៊ីនិង​ប្រទេស​ព្រុយណេ ដោយបាន​ចែករំលែកអំពីការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិតដើម្បីបម្រើ​​ទិសដៅ​អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា អាទិភាពផ្នែក​សុវត្ថិភាពបញ្ញាសិប្បនិម្មិតនៅកម្ពុជា និងការត្រៀមខ្លួន​របស់​កម្ពុជាក្នុងការ​ធ្វើសមាហរណកម្មអភិបាលកិច្ចបញ្ញាសិប្បនិម្មិតក្នុងតំបន់ ជាអាទិ៍តាមរយៈ​ការរៀបចំក្របខណ្ឌគតិយុត្ត​និងគោលនយោបាយផ្នែកកិច្ចការពារទិន្នន័យ​បុគ្គល សន្តិសុខសាយប័រ បច្ចេកវិទ្យាក្លោដ អភិបាលកិច្ចទិន្នន័យ និង​សីលធម៌បញ្ញាសិប្បនិម្មិត។ ឯកឧត្ដមរដ្ឋមន្ត្រីក៏បានអញ្ជើញចូលរួមកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីលើប្រធានបទ “អភិក្រមរួម​របស់អាស៊ានសម្រាប់បញ្ញាសិប្បនិម្មិតប្រកប​ដោយការ​ទទួលខុសត្រូវនិងទំនុកចិត្តឌីជីថល”។

ដើម្បីពង្រឹងកិច្ចសហការនិងចែករំលែកដំណើរការបរិវត្តកម្មឌីជីថល ឯកឧត្ដមរដ្ឋមន្រ្តីបានជួបប្រជុំទ្វេភាគីដោយឡែកពីគ្នា ជាមួយឯកឧត្ដម Gobind Singh Deo ឯកឧត្ដម Pengiran Dato Shamhary Pengiran Mustapha រដ្ឋមន្ត្រីក្រសួងដឹក​ជញ្ជូន​និងគមនាគមន៍​ព័ត៌មាននៃប្រទេសព្រុយណេ ឯកឧត្ដម Miguel Marques Gonçalves Manetelu រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូននិងសារគមនា​គមន៍ប្រទេសទីម័រ និងឯកឧត្ដម David L. Almirol អនុរដ្ឋមន្ត្រីក្រសួង​បច្ចេកវិទ្យាគមនាគមន៍​និងព័ត៌មាននៃប្រទេសហ្វ៊ីលីពីន។

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបសម្ដែងការគួរសមដោយ​ឡែក​ពីគ្នាពីសំណាក់ លោក Terry He នាយក​ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វ៊ិក​នៃក្រុមហ៊ុន Huawei និង លោក Khailee Ng នាយកក្រុមហ៊ុន 500 Global ដែលជាក្រុមហ៊ុន​វិនិយោគលើធុរកិច្ចថ្មីផ្ដោតលើវិស័យឌីជីថល។ ជំនួបនិងកិច្ចប្រជុំទាំងនេះ មានគោលបំណងពង្រឹងទំនាក់ទំនងក្នុងតំបន់ និងស្វែងរកការគាំទ្រនិងចូលរួមក្នុងគម្រោងសំខាន់ៗពាក់ព័ន្ធនឹងវិស័យឌីជីថលនៅកម្ពុជា សំដៅពង្រឹងប្រព័ន្ធអេកូឡូ​ស៊ីឌីជី​ថលរឹងមាំ រស់រវើក និងប្រកបដោយទំនុកចិត្ត៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner