អតីតយុទ្ធជនចំនួន១១៤គ្រួសារនៅស្រុកគាស់ក្រឡ​បានទទួលផ្ទះ​អំណោយ​ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន

បាត់ដំបង៖ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគម​អតីត​យុទ្ធជន​កម្ពុជា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥​បានអញ្ជើញចុះពិនិត្យមើលដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិ​ព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដើម្បីកសាងនូវ​ហេដ្ឋា​រចនាសម្ព័ន្ធ និងធ្វើការសាងសង់ផ្ទះថ្មីបន្ថែម ជូនអតីត​យុទ្ធជននៅ​ខេត្តបាត់ដំបង។

វត្តមានរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ក៏មានការចូលរួមពីឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធាន​កិត្តិយសសមាគម​អតីត​យុទ្ធជនកម្ពុជាខេត្ត,ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរ​បាលខេត្ត និងជាប្រធាន​សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត,មេបញ្ជាការ​កងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តនិងមន្រ្តី
ពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសពិនិត្យជាក់ស្តែង និងបន្ទាប់ពីស្តាប់សេចក្តីរាយការណ៍​សង្ខេប​របស់មូលដ្ឋាន ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានណែនាំដល់អាជ្ញាធរ និងថ្នាក់ដឹកនាំនៃមន្ទីរជំនាញពាក់ព័ន្ធ​ឱ្យយកចិត្តទុកការងាររៀប​ចំស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ដែលជាតម្រូវការចាំបាច់បន្ទាន់នៅទីនោះ រួមមាន គម្រោងសាងសង់ផ្ទះថ្មីបន្ថែម សាងសង់ផ្លូវ និងស្រះទឹក។ ចំណែក​មន្ទីរ​រៀប​ចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ពន្លឿនការរៀបចំ​គម្រោងប្លង់សាងសង់ភូមិលំនៅ​​​ឋាន។​មន្ទីរសាធារណការខេត្ត មន្ទីរ​អភិវឌ្ឍន៍​ជនបទខេត្ត ពិនិត្យរៀបចំការសាងសង់ផ្លូវ និងមន្ទីរធនធាន​ទឹកពិនិត្យ​ការសាង​សង់ជីកស្រះទឹកជាដើម។

សូមបញ្ជាក់ថា បច្ចុប្បន្នអតីតយុទ្ធជននៅក្នុងខេត្តបាត់ដំបងមានចំនួន ១៤ ៦១៤នាក់ ក្នុងនោះបានចូលជាសមាជិក​សមាគមអតីតយុទ្ធជន​កម្ពុជា​ចំនួន ១១ ៨០០នាក់ ដោយទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់​ពី​រាជរដ្ឋាភិបាលកម្ពុជា។បច្ចុប្បន្នមានអតីតយុទ្ធជនចំនួន១១៤គ្រួសារ បានទទួលផ្ទះចំនួន១១៤ខ្នងផ្ទះ នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅ​ក្នុងស្រុកគាស់ក្រឡដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៕
អត្ថបទ-រូបភាព÷ អ៊ុក សំអាន ប.ប

ads banner