ឯកឧត្តម សុខ សូកេន ចុះសួរសុខទុក្ខកងវីរៈយុទ្ធជនរង របួស ដោយសារការ ឈ្លាន ពានរបស់ទាហានសៀម នៅមណ្ឌលសុខភាព ១៦ មករា ខេត្តព្រះវិហារ

(ខេត្តព្រះវិហារ)៖ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួង ចុះសាកសួរសុខទុក្ខ និង នាំយកអំណោយជាថវិកា សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមនឹងគ្រឿងឧបភោគ បរិភោគ ចែកជូនដល់បងប្អូនវីរៈយុទ្ធជនរងគ្រោះដោយសារការវាយប្រហាររបស់ពួកសៀមឈ្លាននៅតំបន់ព្រំដែនទិសប្រាសាទព្រះវិហារ និងប្រជាជនរងគ្រោះដែលកំពុង​សម្រាក​ព្យាបាលនៅមណ្ឌលសុខភាព ១៦មករា ខេត្តព្រះវិហារ។

ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានជំរាបជូន​អំពីចំណាត់​ការប្រកប​ដោ​យ​ភាពឈ្លាសវៃនិងម៉ត់ចត់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាព​ទឹក​ដី និងអធិបតេយ្យភាពជាតិ និងសូមបងប្អូនទាំងអស់ត្រូវមានជំនឿ​ទុកចិត្តលើ​រាជ​រដ្ឋា​ភិបាលដែលតែងតែគិតគូរ នងរួមសុខរួមទុក្ខជាមួយបងប្អូនគ្រប់​កាលៈទេសៈ​។

ដើម្បីផ្សារភ្ជាប់នូវទឹកចិត្តអាណិតស្រឡាញ់ដោយស្មោះ ឯកឧត្តម សុខ សូកេន បាន​ចូលសាកសួរសុខទុក្ខតាមបន្ទប់នានាដែលកងវីរៈយុទ្ធជនសម្រាកព្យាបាល និងបាន​ជូន​ពរដល់បងប្អូនឆាប់ជាសះស្បើយចៀសផុតពីជំងឺដង្កាត់ពិសេសឆាប់បាន​ទៅកាន់​ភូមិឋានដ៏កក់ក្តៅរបស់ខ្លួន ក្រោយសភាពការណ៍វិលទៅរកប្រក្រតីភាពវិញ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការដឹងគុណ និងសូមអរគុណចំពោះ​ការលះ​បង់អស់ពី​កម្លាំង​កាយចិត្ត បញ្ញាស្មារតី និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់បងប្អូនវីរកងទ័ព​ជួរមុខដ៏អង់អាចក្លាហានដើម្បីបុព្វហេតុការពារអធិបតេយ្យភាព បូរណភាពទឹកដី និង​សុខសន្តិភាពពេញលេញរបស់ប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា៖ បច្ចុប្បន្ននេះ បងប្អូនវីរយុទ្ធជនក្រៅពីការរងគ្រោះដោយសារការ​វាយ​ប្រហារដោយអាវុធយោទ្ធភណ្ឌទំនើបពីពួកទាហានសៀម ក៏នៅមានវីរយុទ្ធជន និង​គ្រួសារកងវីរយុទ្ធ ប្រជាជនស្លូតត្រង់ជាច្រើនបាននឹងកំពុងបន្តមកពិនិត្យសុខភាព និង​សម្រាកព្យាបាលនៅមណ្ឌលសុខភាព១៦មករាជារៀងរាល់ថ្ងៃ ដោយភាគច្រើន​បាន​​បន្សល់ទុកពីសារធាតុគីមី ដែលទាហ៊ានសៀមបានប្រើប្រាស់ជាផ្សែងគីមី គ្រាប់​បែកចង្កោម និង គ្រាប់ដែលទម្លាក់ដោយយន្តហោះF16 និងយន្តហោះដ្រូន នៅតំបន់​ព្រំដែន។

នៅក្នុងការចុះសួរសុខទុក្ខនេះ ឯកឧត្តម សុខ សូកេន បាននាំយកអំណោយជា​សម្ភារៈ​បរិក្ខារ​ប្រើប្រាស់ គ្រឿងឧបភោគបរិភោគចែកជូនបងប្អូន​ដែល​កំពុងសម្រាក​ព្យាបាលជំងឺចំនួនសរុប ២៧០នាក់ ក្នុងនោះមានយុទ្ធជនដែលបានរងរបួស​អំឡុង​ពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចំនួន១០១នាក់ បងប្អូនប្រជាពលរដ្ឋជាជន​ភៀស​សឹកចំនួន ១៨នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលទូទៅចំនួន ១៥១នាក់ នៅ​មន្ទីរពេទ្យបង្អែក ១៦មករា ក្នុងខេត្តព្រះវិហារផងដែរ៕

ដោយ ៖ ហេង វណ្ណា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner