អ្នកនាំពាក្យក្រសួងការបរទេស ៖ កម្ពុជាមិនដែលដាក់មីនថ្មីដូចការយកលេសចោទប្រកាន់របស់យោធាថៃនោះទេ
ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជាបានលើកឡើងថា ភាគីថៃដែលចេះតែចោទកម្ពុជាថាបានដាក់មីនថ្មី គឺជាការចោទប្រកាន់គ្មានភស្ថុតាងច្បាស់លាស់ទាល់តែសោះ ហើយកម្ពុជាក៏មិនដែលដាក់មីនថ្មីនោះសោះឡើយ។
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបទេស បានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ឱ្យដឹងថា៖ ក្រសួងការបរទេសកម្ពុជាសូមប្រកាសបដិសេធចំពោះការលើកឡើងរបស់ភាគីថាដោយបានចោទប្រកាន់ជាបន្តបន្ទាប់កាលពីថ្ងៃទី១០ និងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ ថា កម្ពុជាបានដាក់មីនថ្មី។
ក្រសួងការបរទេសកម្ពុជាសូមរំលឹកដល់ភាគីថៃថា៖ កម្ពុជាពុំដែលបានដាក់មីនទាល់តែសោះក្នុងឋានៈជាប្រទេសភាគីនៃអនុសញ្ញាអូតាវ៉ាកាលពីឆ្នាំ១៩៩៩មក ហើយកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ សម្រាប់សមិទ្ធផលរបស់ខ្លួនក្នុងនាមជាប្រទេសសង្គ្រោះជីវិតគេចចេញពីមីនទាំងនៅក្នុង និងនៅក្រៅប្រទេស។
ឯកឧត្តម ជុំ សុន្ទរី បានរំលឹកដោយបញ្ជាក់ថាចំពោគ្រោះថ្នាក់ដោយគ្រាប់មីនរបស់ទាហានថៃ ដោយសារកងទ័ពថៃបានចូលទៅក្នុងតំបន់ដែលមានគ្រាប់មីន ស្ថិតក្នុងទឹកដីកម្ពុជា និងត្រូវបានដឹងយ៉ាងច្បាស់ថា ជាការរំលោភបំពាន់លើកំណត់ហេតុក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនទូទៅកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។ មីនទាំងនោះមាននៅក្នុងសម័យកាលជម្លោះផ្ទៃក្នុងកម្ពុជាក្នុងឆ្នាំ១៩៧០ និងឆ្នាំ១៩៨០។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងការបរទេសក៏បានចាត់ទុកសេចក្តីថ្លែងការណ៍របស់ភាគីថៃថាជាការបង្ករឿង ហើយកម្ពុជាសូមធ្វើការថ្កោលទោសចំពោះការប្រកាសរបស់មេបញ្ជាការភូមិភាគ២ថៃដែលបានប្រកាសថានឹងដណ្តើមយកប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ ។ ការគំរាមកំហែងបែបនេះគឺជាការរំលោភលើធម្មនុញ្ញអង្កការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងឈប់បាញ់បន្ទាន់កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥៕ ដោយ៖ម៉ាដេប៉ូ
