រុស្ស៊ីគ្រោងដាក់ដំណើរការសាកល្បងនាវាផ្ទុកមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែរ

មូស្គូ ៖ នាវាផ្ទុកមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែររបស់រុស្ស៊ី មានឈ្មោះថា Admiral Nakhimov ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដាក់ដំណើរការសាកល្បងនៅលើផ្ទៃសមុទ្រនៅក្នុងខែសីហា ឬខែកញ្ញា បន្ទាប់ពីជួសជុល និងកែលម្អរួចរាល់។

សារព័ត៌មានរុស្ស៊ី RIA Novosti បានចុះផ្សាយដោយដកស្រង់ប្រភពពីឧស្សាហកម្មការពារជាតិថា ពេលនេះនាវាផ្ទុកមីស៊ីលដើរដោយថាមពលនុយក្លេអ៊ែរ កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ មុនពេលដាក់ដំណើរការសាកល្បងនៅលើផ្ទៃសមុទ្រ។

ក្នុងនោះមានដូចជាប្រព័ន្ធ គ្រឿងម៉ាស៊ីន និងឧបករណ៍ពាក់ព័ន្ធទាំងអស់ កំពុងស្ថិតក្រោមការត្រួតពិនិត្យ ហើយក្រុមការងារដឹកជញ្ជូនត្រូវបានបង្កើតឡើង ដើម្បីសម្រួលដល់ការងារនេះ។

នាវា Admiral Nakhimov ដែលជាប្រភេទនាវាចម្បាំងថ្នាក់ Kirov គឺជាកប៉ាល់ប្រយុទ្ធលើផ្ទៃដីធំបំផុតនៅក្នុងជួរកងទ័ពជើងទឹករុស្ស៊ី ជាមួយនឹងទម្ងន់ជាង ២៥.០០០តោន និងបំពាក់ប្រព័ន្ធជំរុញថាមពលដោយនុយក្លេអ៊ែរ។

នាវាចម្បាំងរបស់រុស្ស៊ីនេះ ត្រូវបានរចនាឡើងក្នុងគោលបំណងវាយប្រហារកម្ទេចគោលដៅសត្រូវធំៗពីលើផ្ទៃសមុទ្រ និងផ្តល់នូវការការពារផ្ទៃអាកាស បូករួមបញ្ចូលទាំងការប្រឆាំងនាវាមុជទឹកផងដែរ។

សាងសង់នៅចុងទសវត្សរ៍ឆ្នាំ១៩៨០ នាវា Admiral Nakhimov នេះ បានបម្រើការជាមួយកងនាវាចរភាគខាងជើង មុនពេលវាត្រូវបានបញ្ជូនទៅជួសជុលនៅចុងទសវត្សរ៍ឆ្នាំ១៩៩០។ ការងាររុះរើ និងធ្វើទំនើបកម្មនាវាចម្បាំងនេះ បានចាប់ផ្តើមក្នុងឆ្នាំ២០១៣៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner