យន្តហោះចម្បាំងអាមេរិកហោះឆ្វែលនៅអាឡាស្កា មុនពេលលោកត្រាំ ជួបលោកពូទីន
អាឡាស្កា ៖ នៅថ្ងៃទី១៤ ខែសីហា នេះ យន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក ត្រូវបានឃើញ ហោះឆ្វែលពីលើមូលដ្ឋានទ័ព នៅក្នុងរដ្ឋ អាឡាស្កា មុនពេលដែលមានជំនួប រវាងមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ និង សមភាគីរុស្ស៊ី លោក ពូទីន។
យន្តហោះចម្បាំងអាមេរិក បានហោះហើរ ពីលើមូលដ្ឋានទ័ពអាកាស Elmendorf នៅមុនជំនួប ដែលត្រូវបានគ្រោងទុក រវាងប្រធានាធិបតីអាមេរិក លោក Donald Trump និង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។
ពុំមានការបញ្ជាក់ពីមូលហេតុ នៅក្រោយហេតុការណ៍ នេះទេ ប៉ុន្តែ សម្ពាធបានកើនឡើង នៅមុនកិច្ចប្រជុំកំពូលដ៏សំខាន់នេះ ក្នុងនោះ លោក ដូណាល់ ត្រាំ បានព្រមានថា លោក វ្ល៉ាឌីមៀ ពូទីន មានឱកាសតែមួយប៉ុណ្ណោះ ប៉ុន្តែ ទីក្រុងមូស្គូបានជំរុញឆ្ពោះទៅមុខ ជាមួយនឹងសមរភូមិប្រយុទ្ធដ៏សំខាន់ នៅអ៊ុយក្រែន។
លោក ពូទីន និង លោក ត្រាំ គ្រោងនឹងជួបចរចាគ្នា នៅថ្ងៃសុក្រនេះ នៅឯមូលដ្ឋានទ័ពអាកាសមួយ ក្នុងរដ្ឋភាគខាងជើងឆ្ងាយ របស់សហរដ្ឋអាមេរិក មួយនេះ ហើយ ជាលើកដំបូង ដែលមេដឹកនាំរុស្ស៊ី ត្រូវបានអនុញ្ញាត ឲ្យមានវត្តមាននៅលើទឹកដីលោកខាងលិច ចាប់តាំងពីការលុកលុយ លើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២ នាំឲ្យមានសង្គ្រាម សម្លាប់មនុស្ស រាប់ម៉ឺននាក់ មកដល់ពេលបច្ចុប្បន្ន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត