មន្ត្រី បុគ្គលិក និង យុវជនកាកបាទក្រហមកម្ពុជា ទទួលបានចំណេះដឹងបន្ថែមពីវគ្គផ្សព្វផ្សាយស្តីពី «គ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ និងសារធាតុពុល ដែលប្រើប្រាស់ក្នុងជម្លោះប្រដាប់អាវុធ»
(ភ្នំពេញ)៖ កាកក្រហមកម្ពុជា បានរៀបចំវគ្គផ្សព្វផ្សាយស្តីពី «គ្រាប់មីន គ្រាប់មិនទាន់ផ្ទុះ និងសារធាតុពុល ប្រើប្រាស់ក្នុងជម្លោះប្រដាប់អាវុធ» ដែលធ្វើបទឧទ្ទេសនាមដោយ ឧត្តមសេនីយ៍ត្រី ឃីម ថន អនុប្រធាននាយកដ្ឋានអប់រំផ្សព្វផ្សាយយល់ដឹងពីមីន នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ហើយបានដំណើរការដោយផ្ទាល់សម្រាប់មន្ត្រី-បុគ្គលិក និងយុវជនកាកបាទក្រហមកម្ពុជា ៨០នាក់ និង តាមប្រព័ន្ធអនឡាញសម្រាប់មន្ត្រី-បុគ្គលិកសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានីខេត្ត ១០០នាក់ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ។
វគ្គផ្សព្វផ្សាយរយៈពេល ១ព្រឹកនេះ មានគោលបំណង លើកកម្ពស់ការយល់ដឹងពីមីន គ្រាប់មិនទាន់ផ្ទុះ ដល់សិក្ខាកាម ដើម្បីអប់រំផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ ក្នុងសហគមន៍ នៅជុំវិញទីកន្លែងដែលពួកគេរស់នៅសព្វថ្ងៃ និងនៅតាមទីតាំងបំពេញការងារនានាទូទាំងប្រទេស។
វគ្គផ្សព្វផ្សាយនេះ ក៏នឹងជួយផ្តល់នូវជំនាញបន្ថែមទៀតក្នុងការងារទំនាក់ទំនង សម្របសម្រួល និងពិសេសវិធីសាស្រ្តអប់រំបន្តពីម្នាក់ទៅម្នាក់ បែបចូលរួមពីសហគមន៍ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការសម្របសម្រួលលើការងារនៅតាមតំបន់ និងតាមសហគមន៍មូលដ្ឋាន រួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីន គ្រាប់មិនទាន់ផ្ទុះ ឱ្យបាននៅកម្រិតទាបជាអតិបរិមា។
ជាមួយគ្នានេះដែរ យើងរួមគ្នាអនុវត្តតាមវិធានការ និងផែនការរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មនៅទូទាំងប្រទេស ស្តីពី «ភូមិ-ឃុំមានសុវត្ថិភាព» ដោយមានចែង នៅក្នុងខ្លឹមសារទី៧ថា ៖ ត្រូវការអប់រំជនគ្រប់រូបក្នុងមូលដ្ឋានឱ្យយល់ដឹងពីគ្រោះថ្នាក់នៃយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយចង្អុលបង្ហាញទីតាំងលាក់ ទីតាំងកប់ ដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការដោះស្រាយ បញ្ជៀសផុតពីគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រាប់មិនទាន់ផ្ទុះ បន្សល់ទុកពីសង្រ្គាម តាមទិសដៅ «បុគ្គលិកកាកបាទក្រហមកម្ពុជាម្នាក់ ជាបុគ្គលិកអប់រំមីន» និងតាមពាក្យស្លោក «យើងរួមគ្នាលុបបំបាត់ការគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ»៕






ដោយ / គ្រី សម្បត្តិ