ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះសង្កេតការណ៍ដល់ច្រកព្រំដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ
(ភ្នំពេញ)៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន ៧ប្រទេស ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា និងមានអនុព័ន្ធយោធា ប្រទេសផ្សេងទៀត ដែលមាននិវេសនដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា បានចុះសង្កេតការណ៍ដល់ច្រកព្រំដែនបឹងត្រកួន ខេត្តបន្ទាយមានជ័យ ។
ក្រសួងការពារជាតិបានដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាល ដើម្បីចុះពិនិត្យទីតាំងជាក់ស្តែងដែល ទទួលរងប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តចំនួន៣ ដូចជាបាត់ដំបង បន្ទាយមានជ័យ និងព្រះវិហារ។
ថ្លែងក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២៥នេះលោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថានាព្រឹកថ្ងៃទី១៤ ខែសីហានេះក្រសួងការពារជាតិ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល IOT ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលមានតំណាងមកពីប្រទេសចំនួន ៦ ចូលរួម មាន ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន និងវៀតណាម ដែលមាននិវេសន្នដ្ឋានក្នុង និងក្រៅប្រទេសកម្ពុជា ដោយមានសមាជិកសរុបចំនួន ៧ប្រទេស បានចេញដំណើរទៅកាន់ទីតាំងជាក់ស្តែងផ្សេងៗ ដើម្បីសង្កេតមើលស្ថានភាពសន្តិសុខតាមព្រំដែន ដែលប៉ះពាល់ផ្ទាល់ក្នុងអំឡុងជម្លោះព្រំដែនកម្ពុជា-ថៃ ដូចជា ៖ ទិសដៅខេត្តបាត់ដំបង ” យោធភូមិភាគទី៥ ” ,ខេត្តបន្ទាយមានជ័យ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ច្រកអូបីជាន់ ” ភូមិជោគជ័យ ” និងច្រកបឹងត្រកួន, ខេត្តព្រះវិហារ ” ច្រកព្រំដែនអានសេះ ” ។
គួរបញ្ជាក់ថា បេសកកម្មនេះបានកើតចេញពីលទ្ធផលនៃកិច្ចប្រជុំពិសេសដែលបានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ា ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំវិសាមញ្ញ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ GBC ដែលបានបញ្ចប់កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ដែលបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់ នៃការបង្កើតឱ្យមានក្រុម IOT ៕











ដោយ ៖ ម៉ាដេប៉ូ និង វេង លីមហួត