ម៉ិកស៊ិកបណ្ដេញជនសង្ស័យជួញដូរគ្រឿងញៀន ២៦នាក់ ទៅអាមេរិក

ម៉ិកស៊ីកូ ៖ ប្រទេសម៉ិកស៊ិក បានបណ្ដេញជនសង្ស័យជួញដូរគ្រឿងញៀន ចំនួន២៦នាក់ ទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៣ ខែសីហា។

អាជ្ញាធរម៉ិកស៊ិក បានផ្ទេរអ្នកជួញដូរគ្រឿងញៀនទាំងនោះ ទៅសហរដ្ឋអាមេរិក ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ បន្ទាប់ពី ជនសង្ស័យទាំងនោះ នៅតែបន្តសកម្មភាពឧក្រិដ្ឋកម្ម ចេញពីក្នុងពន្ធនាគារ និង ស្វែងរកសេរីភាព តាមរយៈ ភាពចន្លោះប្រហោង ផ្លូវច្បាប់។ អ្នកជាប់ឃុំ ទាំងនោះ រួមមាន ទាំង សមាជិក នៃក្រុម Jalisco Nueva Generación ហៅកាត់ CJNG និងក្រុម Sinaloa ដ៏មានឥទ្ធិពល។

រដ្ឋាភិបាល ក៏បានបញ្ជាក់ផងដែរថា យន្តហោះគ្មានមនុស្សបើក របស់អាមេរិក បានហោះ ពីលើតំបន់កណ្តាល នៃប្រទេសម៉ិកស៊ិក ដើម្បីគាំទ្រដល់ការស៊ើបអង្កេត ក្នុងតំបន់ ទាក់ទងនឹងប្រតិបត្តិការទាំងនេះ។ លេខាធិការសន្តិសុខ និងការពារ ពលរដ្ឋ ប្រទេសម៉ិកស៊ិក លោក Omar Garcia Harfuch បានអះអាងថា «វាមិនមែន ជាយន្តហោះគ្មានមនុស្សបើកយោធាទេ» ដោយលោកបានបន្ថែមថា «ដ្រូនទាំងនេះ គឺជាប្រតិបត្តិការជាពិសេស ដើម្បីគាំទ្រ និង ជួយការស៊ើបអង្កេត នៅក្នុងប្រទេសរបស់យើង»។

នេះជាលើកទីពីរហើយ ក្នុងរយៈពេលប៉ុន្មានខែ ដែលម៉ិកស៊ិក បានបណ្តេញក្រុមរត់ពន្ធគ្រឿងញៀន ឃាតកម្ម និង ឧក្រិដ្ឋកម្មផ្សេងទៀត ចំពេលមានសម្ពាធ កាន់តែខ្លាំងឡើង ពីរដ្ឋបាល របស់លោកប្រធានាធិបតី Trump ដើម្បីទប់ស្កាត់លំហូរ នៃគ្រឿងញៀន ឆ្លងកាត់ព្រំដែន។

កាលពីខែកុម្ភៈ ម៉ិកស៊ិកក៏បានប្រគល់ទៅឱ្យអាជ្ញាធរអាមេរិក នូវក្រុមជនសង្ស័យគ្រឿងញៀន ចំនួន២៩នាក់ ដែលរួមទាំង ស្តេចគ្រឿងញៀន Rafael Caro Quintero ជាបុគ្គល នៅពីក្រោយការសម្លាប់ ភ្នាក់ងារ DEA របស់អាមេរិក ក្នុងឆ្នាំ១៩៨៥ ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner