បេឡារុសគ្រោងហាត់សមដាក់ពង្រាយមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរក្នុងសមយុទ្ធជាមួយរុស្ស៊ី
មីនស្ក៍ ៖ ប្រទេសបេឡារុសបានប្រកាសក្តែងៗថា ខ្លួននឹងហ្វឹកហាត់ដាក់ពង្រាយមីស៊ីលលឿនជាងសំលេង Oreshnik ដែលមានសមត្ថភាពបំពាក់ទាំងក្បាលគ្រាប់ធម្មតា និងក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ី ក្នុងអំឡុងសមយុទ្ធយោធាទ្រង់ទ្រាយធំ នៅជិតព្រំដែនខាងកើតរបស់ណាតូ និងសហភាពអឺរ៉ុប។
សមយុទ្ធយោធាបេឡារុស-រុស្ស៊ី មានឈ្មោះថា Zapad-2025 ឬ West-2025 ដែលនឹងត្រូវធ្វើឡើងពីថ្ងៃទី១២ដល់១៦ ខែកញ្ញាខាងមុខ ជាទូទៅមានការចូលរួមពីកងទ័ពរាប់ម៉ឺននាក់ ដើម្បីបង្ហាញសាច់ដុំយោធានៅជិតព្រំដែនភាគខាងលិចរបស់ប្រទេសបេឡារុសជាមួយសហភាពអឺរ៉ុប និងសមាជិកណាតូ។
ផ្អែកតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី, ទាហានប្រហែល ១៣.០០០នាក់នឹងចូលរួមក្នុងសមយុទ្ធនេះ ប៉ុន្តែចំនួនទាហានជាក់លាក់ចុងក្រោយ គេនៅពុំទាន់ដឹងនៅឡើយទេ។ កាលពីឆ្នាំ២០២១ កងទ័ពប្រហែល ២០០.០០០នាក់បានចូលរួមសមយុទ្ធ Zapad-2021 ដែលធ្វើឡើងប៉ុន្មានខែ មុនពេលរុស្ស៊ីចូលលុកលុយអ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិបេឡារុស លោក Viktor Khrenin និយាយថា ពិតណាស់ យើងនឹងរៀបចំផែនការប្រើប្រាស់អាវុធប្រភេទនេះ រួមគ្នាជាមួយសហសេវិករុស្ស៊ីរបស់យើង។ យើងឃើញស្ថានភាពនៅព្រំដែនខាងលិច និងខាងជើងរបស់យើង ដូច្នេះយើងមិនអាចអង្គុយអោបដៃមើលសកម្មភាពយោធា និងកម្លាំងយោធានៅទីនោះបានទេ។
បេឡារុសគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់រុស្ស៊ី ហើយពឹងផ្អែកខ្លាំងលើប្រទេសរុស្ស៊ី ទាំងផ្នែកសេដ្ឋកិច្ច និងយោធា។ លើសពីនេះ បេឡារុសក៏បានអនុញ្ញាតឱ្យទឹកដីរបស់ខ្លួនប្រើជាទីតាំងឈរជើងរបស់រុស្ស៊ីវាយលុកអ៊ុយក្រែនកាលពីឆ្នាំ២០២២ផងដែរ។
កន្លងមក អ៊ុយក្រែន ប៉ូឡូញ និងរដ្ឋបាល់ទិក បានចេញការព្រមានជាច្រើនលើកច្រើនសារ ជុំវិញការបង្កើនសាច់ដុំយោធានៅក្នុងប្រទេសបេឡារុស ជាកន្លែងដែលរុស្ស៊ីបាននិយាយថា ខ្លួននឹងដាក់ពង្រាយមីស៊ីលលឿនជាងសំលេង Oreshnik នៅចុងឆ្នាំ២០២៥នេះ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
