ផ្ទុះអាសន្នរោគ ស្លាប់មនុស្ស៤០នាក់ នៅស៊ូដង់

ខាទុំ ៖ មនុស្ស យ៉ាងតិច ចំនួន៤០នាក់ បានស្លាប់ អំឡុងការផ្ទុះជំងឺអាសន្នរោគ នៅក្នុងប្រទេសស៊ូដង់ ត្រឹម១សប្តាហ៍ ដែលជាចំនួនស្លាប់មនុស្សដ៏ច្រើន មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនឆ្នាំ មកនេះ។

វេជ្ជបណ្ឌិតគ្មានព្រំដែន ហៅកាត់ MSF បាននិយាយ នៅថ្ងៃព្រហស្បតិ៍ នេះ ថា មនុស្សស្លាប់ទាំងនោះ មាននៅក្នុងតំបន់ Darfur។ អង្គការសប្បុរសធម៌ផ្នែកវេជ្ជសាស្រ្ត មួយនេះ បាននិយាយថា តំបន់ភាគខាងលិចដ៏ធំ មួយនេះ គឺជាសមរភូមិដ៏សំខាន់មួយ នៃការប្រយុទ្ធគ្នារវាងកងទ័ព និង កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ក្នុងរយៈពេល ជាងពីរឆ្នាំ ក្នុងនោះ បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត កាលពីឆ្នាំមុន។

MSF បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «នៅលើចំណុចកំពូលនៃសង្រ្គាមដែលកើតឡើង ប្រជាជននៅស៊ូដង់ ឥឡូវនេះ កំពុងជួបប្រទះ នូវការផ្ទុះជំងឺអាសន្នរោគ ដ៏អាក្រក់បំផុត»។ ប្រភពបានញ្ជាក់ថា «នៅក្នុងតំបន់ Darfur តែឯង ក្រុម MSF បានព្យាបាលអ្នកជំងឺ ជាង ២,៣០០ នាក់ និង កត់ត្រា ពីការស្លាប់ចំនួន ៤០នាក់ ក្នុងសប្តាហ៍មុន»។

អង្គការក្រៅរដ្ឋាភិបាល បាននិយាយថា ការស្លាប់ទាក់ទងនឹងជំងឺអាសន្នរោគ ចំនួន ២,៤៧០នាក់ ត្រូវបានរាយការណ៍ ក្នុងឆ្នាំនេះ ហើយ រហូតដល់ថ្ងៃទី ១១ ខែសីហា ក្នុងចំណោមករណីសង្ស័យ មានចំនួន ៩៩,៧០០នាក់។

ជំងឺអាសន្នរោគ គឺជាការឆ្លងមេរោគ ពោះវៀនស្រួចស្រាវ ដែលឆ្លងតាមរយៈអាហារ និង ទឹក ដែលមានមេរោគបាក់តេរី ដែលជារឿយៗ ចេញពីលាមក។ វាបណ្តាលឱ្យរាគធ្ងន់ធ្ងរ ក្អួត និង រមួលសាច់ដុំ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner