ក្រសួងការបរទេស ៖ មិនមានកិច្ចប្រជុំ បណ្តារដ្ឋសមាជិក នៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងបាងកកទេ គឺជាការបំភាន់ការពិតរបស់ភាគីថៃប៉ុណ្ណោះ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានធ្វើការច្រានចោល និងចាត់ទុកថាជាការបំភាន់ការពិតមួយពីសំណាក់ភាគីថៃដែលថានឹងមានកិច្ចប្រជុំមួយនៃបណ្តារដ្ឋសមាជិកនៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥ខាងមុខ។

ថ្លែងនារសៀលថ្ងៃទី ១៤ ខែ សីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា៖វាជាការ បកស្រាយខុសរបស់ភាគីថៃដែលថានឹង មានការរៀបចំកិច្ចប្រជុំមួយនៃបណ្តារដ្ឋសមាជិកនៃអនុសញ្ញាអូតាវ៉ា ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥ ។

ឯកឧត្តមអ្នកនាំពាក្យក្រសួងការបរទេសបានថ្លែងដោយធ្វើការពន្យល់ថា “អនុសញ្ញាអូតាវ៉ាប្រារព្ធធ្វើកិច្ចប្រជុំផ្លូវការបណ្តាប្រទេសជាសមាជិករបស់ខ្លួនតែមួយដងក្នុងមួយឆ្នាំប៉ុណ្ណោះ។ ហេតុនេះសម្រាប់ព្រឹត្តិការណ៍នៅទីក្រុងបាងកកថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២៥ ខាងមុខ វាជាការប្រជុំគ្រាន់តែជាការផ្តល់ព័ត៌មានជូនចំពោះអង្គទូតដែលរៀបចំឡើងដោយភាគីថៃ វាពុំមែនជាផ្នែកមួយនៃដំណើរការផ្លូវការរបស់អនុសញ្ញាអូតាវ៉ានោះឡើយ។

គួរបញ្ជាក់ថា អនុសញ្ញាអូតាវ៉ា ឬហៅបានថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ឬហៅពេញថា អនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ។

សម្រាប់អនុសញ្ញានេះ គឺជាអនុសញ្ញារបស់អង្គការសហប្រជាជាតិ និងជាការឆ្លើយតបគ្រប់ជ្រុងជ្រោយរបស់សហគមន៍អន្តរជាតិ ចំពោះបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស ដែលជាអាវុធដែលបង្កផលអាក្រក់ដ៏ធ្ងន់ធ្ងរ ទោះបីជាជម្លោះប្រដាប់អាវុធបានបញ្ចប់ទៅជាច្រើនទសវត្សរ៍ក៏ដោយ។

អនុសញ្ញាអូតាវ៉ា ត្រូវបានអនុម័តនៅទីក្រុងអូស្លូ ប្រទេសន័រវែស ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៩៧ និងទទួលឱ្យមានការចុះហត្ថលេខា នៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា នៅថ្ងៃទី៣ និង៤ ខែធ្នូ ឆ្នាំ១៩៩៧។ ការចុះហត្ថលេខាលើអនុសញ្ញានៅតែបន្តបើកចំហរហូតដល់ពេលអនុសញ្ញានេះចូលជាធរមាននៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩៩៩ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner