អ្នកនាំពាក្យក្រសួងព័ត៌មាន៖ មិនមានតួឯកក្នុងការងារព័ត៌មាន និង សាធារណមតិទេ តែត្រូវសហការគ្នាក្នុងទម្រង់តួអង្គតែមួយ
ក្រចេះ ៖អ្នកនាំពាក្យក្រសួងព័ត៌មានបញ្ជាក់ថា ការងារព័ត៌មាន និងសាធារណមតិ មិនមែនកិច្ចការដែលត្រូវធ្វើជាតួឯកទេ គឺទាមទារឱ្យមានការចូលរួមពីអ្នក ពាក់ព័ន្ធជុំវិញខេត្តទើបទទួលបានជោគជ័យ ឆ្លើយតបទៅនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងលើកកម្ពស់សារសំខាន់នៃការងារសាធារណមតិ។
មានប្រសាសន៍ក្នុងពិធីបិទវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ និងជាតំណាងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រាប់សិក្ខាកាមដែលជាមន្រ្តីព័ត៌មាន មកពី ប្រាំខេត្តថា មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងសាធារណមតិត្រូវកសាងទំនាក់ ទំនងជាមួយថ្នាក់ដឹកនាំនិងអាជ្ញាធរ ក្នុងខេត្តរបស់ខ្លួនឱ្យបានជាប់ជាប្រចាំដើម្បីត្រៀម ឆ្លើយតបទៅនឹងព្រឹត្តិកាណ៍សាធារណមតិអ្វីមួយអាចនឹងកើត ឡើងក្នុងខេត្តរបស់ខ្លួន។
មន្រ្តីអ្នកនាំពាក្យដដែលបន្តថា ការសហការជាប់ជាប្រចាំជាមួយរដ្ឋបាលខេត្ត ជាពិសេសអភិបាលរងទទួលបន្ទុកជាប្រធានអ្នកនាំពាក្យរាជធានីខេត្តនីមួយៗ គឺជារឿងសំខាន់ ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពក្នុងការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ។ ក្នុងន័យនេះ ការតាមដានក្តាប់សភាពការណ៍ដែលកើត ឡើងជាប្រចាំក្នុងខេត្តរបស់ខ្លួន និងទំនោរប្រធានបទ និងរឿងរ៉ាវដែលជជែក ក្នុងសាធារណមតិ ដោយត្រូវផ្សព្វផ្សាយពីជំហររបស់រាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលរាជធានី ខេត្ត អង្គភាពជំនាញ ពាក់ព័ន្ធនឹងរឿងរ៉ាវសាធារណមតិនីមួយៗ សំដៅធានាការទទួលព័ត៌មានគ្រប់គ្រាន់ ទប់ទល់នឹងព័ត៌មានក្លែងក្លាយ ការបំពុលព័ត៌មាន ហើយរួមចំណែកផ្តល់ជូនពលរដ្ឋនិងសង្គម នូវការរក្សា បានសន្តិសុខ ប្រក្រតីភាព និងភាពសុខសាន្តសម្រាប់ការរស់នៅ។
ឯកឧត្តមបញ្ជាក់ថា ការងារសាធារណមតិ សំខាន់បំផុតគឺការងារពន្យល់ដល់ប្រជាពលរដ្ឋឱ្យច្បាស់ ដើម្បីបន្សាបព័ត៌មានក្លែងក្លាយ ដែលកើតឡើងពីក្រុមណាមួយដែលមានចេតនាបំពុល បង្កចលាចលក្នុងសង្គម៕
ដោយ៖ ង៉ាន ទិត្យ
