ព្យុះត្រូពិក Podul វាយប្រហារភាគខាងត្បូងចិន និងត្រៀមបោកបក់ទៅថៃ
ប៉េកាំង ៖ ព្យុះត្រូពិក Podul នៅថ្ងៃទី១៤ ខែសីហានេះ បានបង្កឱ្យមានភ្លៀងធ្លាក់យ៉ាងគំហុកនៅភាគខាងត្បូងប្រទេសចិន ប៉ះពាល់ដល់សេវាមន្ទីរពេទ្យ សាលារៀន និងស្ថាប័នតុលាការនៅក្នុងទីក្រុងហុងកុង បន្ទាប់ពីវាបានវាយប្រហារកោះតៃវ៉ាន់ បណ្តាលឱ្យមនុស្សប្រមាណ ១៤៣នាក់រងរបួស។

សារព័ត៌មាន Channel News Asia បានចុះផ្សាយថា ឥទ្ធិពលរបស់ព្យុះត្រូពិក Podul បានជំរុញឱ្យអាជ្ញាធរចេញការព្រមានអំពីព្យុះភ្លៀងខ្ពស់បំផុតក្នុងកម្រិតពណ៌ខ្មៅ បង្ខំឱ្យគ្លីនិកព្យាបាលអ្នកជំងឺបិទដំណើរការរហូតដល់ម៉ោង ២ រសៀល ហើយសាលារៀនបានបិទពេញមួយថ្ងៃ។
បន្ថែមលើនេះ សេវាព្រលានយន្តហោះនៅទូទាំងតំបន់ក៏បានរាយការណ៍ពីការលុបចោលជើងហោះហើរនៅពេលព្រឹកប្រហែល ២០ភាគរយផងដែរ នេះបើយោងតាមទិន្នន័យពីស្ថាប័ន Flightmaster ខណៈដែលព្យុះត្រូពិក Podul បានគំរាមគំហែងផ្នែកខ្លះនៃខេត្ត Guangdong, Hunan និង Jiangxi របស់ប្រទេសចិន ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យកម្ពស់ទឹកភ្លៀងហក់ឡើងដល់ ៧០មីលីម៉ែត្រក្នុងមួយម៉ោង។
ក្រុមអ្នកវិភាគបានព្រមានថា ព្រឹត្តិការណ៍អាកាសធាតុអាក្រក់កាន់តែខ្លាំងឡើង កំពុងការបង្កការគំរាមកំហែងដល់ប្រទេសមានកំណើនសេដ្ឋកិច្ចធំជាងគេទីពីរលើពិភពលោកមួយ។
តួយ៉ាង ប្រទេសចិនកំពុងប្រយុទ្ធជាមួយនឹងជំនន់ទឹកភ្លៀងនៅភាគខាងជើង និងភាគខាងត្បូង ព្រមទាំងរលកកម្ដៅ។ រដ្ឋាភិបាលចិន កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសផ្តល់មូលនិធិថ្មីមានទំហំ ៥៩.៩លានដុល្លារ សម្រាប់ជាជំនួយសង្គ្រោះគ្រោះមហន្តរាយ នាំឱ្យការបញ្ចេញថវិកាជំនួយសរុបកើនឡើងដល់ ៨០៨លានដុល្លារចាប់តាំងពីខែមេសាមក។
ព្យុះ Podul បានថមថយចុះឥទ្ធិពលពីព្យុះទីហ្វុងទៅជាព្យុះត្រូពិក បន្ទាប់ពីបក់បោកលើកោះតៃវ៉ាន់ កាលពីថ្ងៃពុធសប្តាហ៍នេះ ជាទីដែលព្យុះនេះធ្វើដំណើរក្នុងល្បឿន ១៩១គីឡូម៉ែត្រក្នុងមួយម៉ោង បណ្ដោលឱ្យមនុស្សម្នាក់បាត់ខ្លួន និង១៤៣នាក់ផ្សេងទៀតរងរបួស។ ប៉ុន្តែឥទ្ធិពលសេសសល់នៃព្យុះនេះ បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងលើភាគខាងត្បូងប្រទេសចិន ដែលទើបតែជួបប្រទះនឹងគ្រោះទឹកជំនន់កាលពីសប្ដាហ៍មុន។
ទន្ទឹមគ្នា នាយកដ្ឋានឧតុនិយមថៃបានព្រមានខេត្តចំនួន ៣៨ នៅតំបន់ភាគឦសាន ភាគខាងជើង ភាគកណ្ដាល និងនៅសមុទ្រ Andaman រួមទាំងទីក្រុងបាងកកផងដែរ អំពីភ្លៀងធ្លាក់ខ្លាំង ផ្គររន្ទះ និងទឹកជំនន់ភ្លាមៗ ដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Podul នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Thaiger៕
ប្រភព ៖ Channel News Asia និង Thaiger ប្រែសម្រួល ៖ ឈឹម ទីណា
