ចិនស្នើជួយដោះស្រាយជម្លោះកម្ពុជា-ថៃ និងការដោះមីនតាមព្រំដែន

ប៉េកាំង ៖ ប្រទេសចិនបានបង្ហាញពីឆន្ទ:ចង់ជួយដោះស្រាយជម្លោះកម្ពុជា-ថៃ ពិសេសពង្រឹងទំនាក់ទំនងឡើងវិញ និងការបោសសម្អាតមីនតាមព្រំដែន បន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមព្រំដែនដ៏សាហាវបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។

ការអះអាងបែបនេះរបស់ប្រទេសចិន កើតឡើងស្របពេលដែលរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបជាមួយប្រមុខការទូតកម្ពុជា និង ថៃ នៅខាងក្រៅសន្និសីទថ្នាក់តំបន់មេគង្គ ក្នុងខេត្តយូណាន នៅថ្ងៃទី១៤ ខែសីហា។

នាឱកាសនោះ លោក វ៉ាង បានប្រាប់សមភាគីកម្ពុជា-ថៃថា ចិនគាំទ្រប្រទេសទាំងពីរចូលរួមកិច្ចសន្ទនា លុបបំបាត់ការយល់ច្រឡំ និងកសាងទំនុកចិត្តគ្នាទៅវិញទៅមក នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។

ប្រមុខការទូតចិនរូបនេះបន្តថា ដូចពាក្យចាស់របស់ចិននិយាយថា បងប្អូនអាចឈ្លោះគ្នាក្នុងគ្រួសារបាន ប៉ុន្តែគួរតែរួបរួមគ្នាប្រឆាំងនឹងការគំរាមកំហែងពីខាងក្រៅ។ ដូច្នេះ ខ្ញុំជឿជាក់ថា ភាគីទាំងពីរអាចគ្រប់គ្រងជម្លោះជាក់លាក់បានត្រឹមត្រូវ និងធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានាជាសកល។

លោក Wang មានវ័យ៧១ឆ្នាំរូបនេះបន្ថែមថា ចិនសង្ឃឹមថា កម្ពុជា-ថៃអាចបើកច្រកព្រំដែនឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយចិនសន្យាគាំទ្រ ក៏ដូចជាផ្តល់ជំនួយសម្រាប់ការបោសសម្អាតមីននៅតាមតំបន់ព្រំដែនកម្ពុជា និងថៃ។

ជម្លោះព្រំដែនដ៏រ៉ាំរ៉ៃរវាងប្រទេសជិតខាងអាស៊ានទាំងពីរ បានផ្ទុះឡើងកាលពីខែមុន រួមមានទាំងការទម្លាក់គ្រាប់បែក ការបាញ់កាំភ្លើងធំ ការវាយប្រហារតាមអាកាស និងការប៉ះទង្គិចគ្នាដោយថ្មើរជើង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៣នាក់ និងបង្ខំឱ្យមនុស្សជាង ៣០០.០០០នាក់ផ្សេងទៀតភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។

ភាគីទាំងពីរបានធ្វើបទឈប់បាញ់ បន្ទាប់ពីមានអំពើហិង្សារយៈពេល៥ថ្ងៃ ក្រោយមានការអន្តរាគមន៍ពីលោកប្រធានាធិបតីអាមេរិក Donald Trump ហើយបានយល់ព្រមកាលពីសប្តាហ៍មុនដើម្បីបន្តកិច្ចព្រមព្រៀងបន្ទាប់ពីកិច្ចពិភាក្សារវាងមន្ត្រីការពារជាតិនៅក្នុងប្រទេសម៉ាឡេស៊ី៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner