ក្រសួងកសិកម្ម ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន វ៉េត អេហ្គ្រីខលឈ័រ អ៊ឹមផត អិចផត ឯ.ក
(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន វ៉េត អេហ្គ្រីខលឈ័រ អ៊ឹមផត អិចផត ឯ.ក ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនវិរៈប៊ុនថាំ ដើម្បីរៀបចំកិច្ចសន្យាប្រមូលទិញជាមួយសហគមន៍កសិកម្មទំនើប សម្រាប់ធ្វើការនាំចេញស្រូវស្រង៉ែទៅកាន់ទីផ្សារអន្តរជាតិ ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរអ្នកឧកញ៉ា សួរ វីរៈ ក្នុងការឈានចូលវិស័យកសិកម្ម ដើម្បីប្រមូលទិញស្រូវ និងកសិផលសំខាន់ៗសម្រាប់ការនាំចេញ ដែលនឹងតភ្ជាប់ខ្សែច្រវាក់តម្លៃពីកសិដ្ឋានដល់ទីផ្សារអន្តរជាតិ និងជួយពង្រឹងវិស័យដ៏សំខាន់នេះ។
បើតាម ឯកឧត្តមរដ្ឋមន្រ្តី ការចងក្រងជាសហគមន៍កសិកម្មទំនើប និងការដាំដុះដោយចុះកិច្ចសន្យាលក់ទុកមុន នឹងផ្ដល់ផលចំណេញច្រើនជូនប្រជាកសិករតាមការធានាទីផ្សារនិងតម្លៃទុកមុន និងការកាត់បន្ថយចំណាយថ្លៃដើម។ ក្រសួងកសិកម្ម នឹងបន្តជ្រោមជ្រែងការចងក្រងសហគមន៍កសិកម្មទំនើបតាមរយៈជំនួយបច្ចេកទេស ការផ្ដល់ទុនកម្ចីការប្រាក់ទាប ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផលិតកម្ម និងការស្វែងរកដៃគូចុះកិច្ចសន្យាទិញលក់៕ ប្រភព ៖ ក្រសួងកសិកម្ម




