កម្ពុជា បន្តអំពាវនាវដល់ភាគីថៃឱ្យប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងឱ្យដោះលែងកងកម្លាំងកម្ពុជាទាំង ១៨មកវិញ

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបន្តថ្លែងដោយអំពាវនាវដល់ភាគីថៃឱ្យប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងឱ្យដោះលែងកងកម្លាំងកម្ពុជាទាំង ១៨មកវិញឱ្យបានឆាប់ និងគ្មានលក្ខខណ្ឌ ។

ថ្លែងនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជា អ្នកនាំពាក្យក្រសួងការពារជាតិឱ្យដឹងថា ”កម្ពុជា សូមបន្តអំពាវនាវដល់ភាគីថៃឱ្យប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងឈានទៅរកដំណោះស្រាយដោយសន្តិវិធីឈរលើគោលការណ៍ច្បាប់អន្តរជាតិ ដែលជាដំណោះស្រាយមួយដ៏ត្រឹមត្រូវ មិនលំអៀង និងយុត្តិធម៌ ព្រមទាំងនាំមកនូវសន្តិភាព រួមនឹងភាពរីកចម្រើនសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ” ។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានបន្តថ្លែង អំពាវនាវឱ្យភាគីថៃប្រគល់មកវិញនូវកងកម្លាំងរបស់កម្ពុជាទាំង១៨រូប ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន បន្ទាប់ពីទាហានកម្ពុជាទាំងនេះត្រូវបានទាហានថៃចូលមកចាប់ខ្លួនពួកគេដោយខុសច្បាប់ នៅក្រោយពេលបទឈប់បាញ់បានចូលជាធរមានកាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ដោយគិតមកដល់ ពេលនេះគឺមានរយៈពេល ១៧ថ្ងៃហើយ។

លោកជំទាវអ្នកនាំពាក្យបានថ្លែងដោយបញ្ចាក់បន្ថែមថា កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងសហគមន៍អន្តរជាតិនឹងនៅតែបន្តទាមទាររហូតដល់ភាគីថៃបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយយើងមិនទុកសមាជិកនៃគ្រួសាររបស់យើងណាម្នាក់ចោលជា ដាច់ខាត ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជាកំពុងតែរួមគ្នាជា ធ្លុងមួយក្នុងការការពារទឹកដី សេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់បំផុត ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner