រយៈពេល ៣ថ្ងៃ កាកបាទក្រហមកម្ពុជា បានបណ្តុះបណ្តាល និងចុះអនុវត្តជាក់ស្តែង បន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋភៀសសឹក ស្នាក់នៅបណ្តោះអាសន្ននៅមណ្ឌលវត្តពោធិ៍៥០០០ ក្នុងខេត្តព្រះវិហារ

(ព្រះវិហារ)៖ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជាមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសហការជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ រៀបចំវគ្គបណ្តុះបណ្តាល និងចុះអនុវត្តជាក់ស្តែងជាមួយអ្នកស្ម័គ្រចិត្តចំនួន២៥នាក់ និងយុវជនកាកបាទក្រហមកម្ពុជាចំនួន ២៨នាក់ ស្តីពី «ប្រវត្តិចលនាកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម, ការប្រើប្រាស់និងការការពារបដិរូបកាកបាទក្រហមឱ្យបានត្រឹមត្រូវ និងលើកកម្ពស់ការយល់ដឹងពីអាវុធយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងអាវុធថ្មីៗដែលបន្សល់ដោយជម្លោះប្រដាប់អាវុធ, វិជ្ជាសង្គ្រោះបឋម រួមជាមួយការអប់រំសុខភាពអនាម័យ» ដើម្បីបន្តអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋភៀសសឹក ស្នាក់នៅបណ្តោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ក្នុងឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ ។

លោក មុំ ភិរក្ស នាយករងនាយកដ្ឋានទំនាក់ទំនង បានបញ្ជាក់ និងពន្យល់យ៉ាងក្បោះក្បាយអំពីការប្រើប្រាស់ និងការការពារបដិរូបសញ្ញាកាកបាទក្រហម ការប្រើប្រាស់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ជូនដល់យុវជន និងអ្នកស្ម័គ្រចិត្តនៅក្នុងវគ្គនេះ។

ក្រុមការងារបានបំប៉នវិជ្ជាសង្គ្រោះបឋមជូនអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដើម្បីជួយសង្គ្រោះបឋមដល់ជនរងគ្រោះនៅក្នុងមណ្ឌលសុវត្ថិភាពភៀសសឹកពេលជួបប្រទះគ្រោះថ្នាក់ផ្សេងៗ ។ វិជ្ជាសង្គ្រោះបឋមបានផ្តោតលើគោលការណ៍ ៤យ៉ាង គឺទី១-ការការពារ ពិនិត្យស្ថានភាពជនរងគ្រោះ, ទី២-ការពិនិត្យរបួសស្នាម ការហូរឈាម និងពិនិត្យស្មារតី, ទី៣-ការប្រកាសអាសន្ន រកជំនួយ និងទី៤-ការសង្គ្រោះបឋម ។ ទន្ទឹមនឹងនេះ ក៏មានបទបង្ហាញអំពីទ្រឹស្តី និងការអនុវត្តចំណុចសំខាន់មួយចំនួនរួមមាន ៖ ការពិនិត្យស្ថានភាពជនរងគ្រោះ, វិធីសាស្ត្រក្នុងការដាក់ដំណេកសុវត្ថិភាពនៅពេលជនរងគ្រោះសន្លប់បាត់ស្មារតីនៅដង្ហើមធម្មតា, ការលើកដាក់ បញ្ជូនជនរងគ្រោះធ្លាក់ពីលើទីខ្ពស់, ការធ្វើចលនាបេះដូងនៅពេលជនរងគ្រោះសន្លាប់បាត់ស្មារតីគ្មានដង្ហើម (CPR), ការជួយជនរគ្រោះពីការស្លាក់, ការឃាត់ឈាម ដោយផ្ទាល់ និងប្រយោល និងការរុំរបួស ឬបាក់ឆ្អឹងជាដើម។

បន្ថែមពីនេះ ក្រុមការងារបានដឹកនាំអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បន្តចុះអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីមីន និងកាកសំណល់ជាតិផ្ទុះពីសង្គ្រាម គ្រាប់បែកចង្កោម និងអាវុធថ្មីៗទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព។ ក្រៅពីនេះក៏បានអប់រំផ្សព្វផ្សាយបន្ថែមអំពីសារសុខភាពមួយចំនួនដោយផ្តោតទៅលើការអប់រំសុខភាពអនាម័យ ការប្រើប្រាស់ទឹកស្អាត ការបរិភោគទឹកឆ្អិន ការរស់នៅស្អាត រៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ការសម្រាកក្នុងមុងជានិច្ចដើម្បីជៀសផុតពីជំងឺគ្រុនឈាម និងជំងឺគ្រុនចាញ់ជាដើម ។ ទន្ទឹមនឹងនេះក៏បានអប់រំផ្សាយអំពីសុខភាពមាតា ទារក និងកុមារ ព្រមទាំងជំងឺឆ្លង និងមិនឆ្លង ជាពិសេស ស្ត្រីក្នុងវ័យបន្តពូជត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ ទោះស្ថិតក្នុងពេលកំពុងស្នាក់អាស្រ័យនៅក្នុងជំរំភៀសសឹកនេះក៏ដោយ។ ដោយឡែកកុមារតូចៗហាមទៅលេងទឹកដោយគ្មានមនុស្សចាស់ទៅជាមួយ ព្រោះអាចបណ្តាលឱ្យលង់ទឹកបាន បន្ថែមលើនេះក្រុមការងារបានអប់រំអំពីការថែទាំសុខភាពផ្លូវចិត្តដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកផងដែរ។

ជាការចាប់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ ដែលជាជនភៀសសឹក ឃើញមានការយល់ដឹងច្រើនអំពីមីន សំណល់ជាតិផ្ទុះពីសង្គ្រាម និងគ្រាប់បែកចង្កោម ព្រមទាំងយល់ដឹងអំពីវិជ្ជាសង្គ្រោះបឋម ការថែទាំសុខភាពនិងអនាម័យក្នុងពេលកំពុងរស់នៅជុំគ្នានៅក្នុងមណ្ឌលសុវត្ថិភាព និងក្រោយពេលត្រឡប់ទៅគេហដ្ឋានវិញ ។

សូមជម្រាបផងដែរថា នៅក្នុងស្តង់របស់កាកបាទក្រហមកម្ពុជា គឺបានសហការជាមួយអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) បានអប់រំផ្សព្វផ្សាយអំពីសុខភាពផ្លូវចិត្ត លើកកម្ពស់ការយល់អំពីមីននិងគ្រប់មិនទាន់ផ្ទុះដល់កុមារតូចៗ ដែលមកលេងនៅក្នុងស្តង់របស់កាកបាទក្រហមកម្ពុជា និងបានចែកសម្ភារមួយចំនួនដល់កុមារតូចៗផងដែរ។ ក្រៅពីសកម្មភាពអប់រំផ្សព្វផ្សាយខាងលើ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា បានជួយសម្អាតអនាម័យបរិស្ថានជុំវិញមណ្ឌលភៀសសឹក និងបានជួយចិតបន្លែដើម្បីចម្អិនម្ហូបអាហារជូនដល់ប្រជាពលរដ្ឋភៀសសឹកផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner