ឱកាសការងារជាង ១៥០០ កន្លែង ជាមួយក្រុមហ៊ុននៅកម្ពុជា និង ជប៉ុន នឹងបើកឱ្យដាក់ពាក្យនៅថ្ងៃទី២២-២៣ខែសីហានេះ
(ភ្នំពេញ)៖ និស្សិត ដែលទើបបញ្ចប់ការសិក្សា ឬហៀបនឹងបញ្ចប់ការសិក្សា អ្នកដែលកំពុងស្វែងរក និងមានបំណងផ្លាស់ប្តូរការងារ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងមានរៀបកម្មវិធីពិព័រណ៍ការងារដ៏ធំ ដែលចូលរួមដោយក្រុមហ៊ុនកម្ពុជា និងក្រុមហ៊ុនជប៉ុនល្បីៗប្រមាណជាង ៤០ ព្រមទាំងផ្តល់ឱកាសការងារប្រមាណជាង១៥០០កន្លែង។ កម្មវិធីពិព័រណ៍ការងារនេះ នឹងធ្វើឡើងនៅថ្ងៃទី២២-២៣ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច។

ចំពោះប្រភេទក្រុមហ៊ុន ដែលនឹងចូលរួមក្នុងកម្មវិធីពិព័រណ៍ការងារនេះ មានទាំងវិស័យមីក្រូហិរញ្ញវត្ថុ និងធនាគារ វិស័យសុខាភិបាល ទូរគមនាគមន៍ ផ្សារទំនើប វិស័យអប់រំ ការដឹកជញ្ជូន និងវិស័យផលិតកម្ម។ សម្រាប់ អ្នកដែលកំពុងស្វែងរកការងារ អាចមកចូលរួមកម្មវិធី ដើម្បីស្វែងព័ត៌មានអំពីការងារដែលខ្លួនពេញចិត្ត ជាមួយនិយោជកដោយផ្ទាល់បាន ដោយគ្រាន់តែភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេបធ្វើបច្ចុប្បន្នភាពរួច (Updated CV) និងលិខិតគម្រប (Cover letter) ដើម្បីធ្វើការសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុន។

លោក Masuda Chikahiro ប្រធានទីប្រឹក្សានៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) បានឱ្យដឹងថា មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ជាមជ្ឈមណ្ឌលដែលជាទីទុកចិត្តសម្រាប់ធុរកិច្ចជនអាចសិក្សាពីការធ្វើអាជីវកម្ម សិក្សាភាសាជប៉ុន ក៏ដូចជាចូលរួមក្នុងកម្មវិធីវប្បធម៌នានា ព្រមទាំងអាចបង្កើតទំនាក់ទំនងជាមួយមនុស្សថ្មីៗ និងក្រុមហ៊ុននានា ដើម្បីបង្កើនការរីកចម្រើនផងដែរ។

លោកបន្តថា កម្មវិធីពិព័រណ៍ការងារនេះ គាំទ្រដោយអង្គការពលកម្មអន្តរជាតិ (ILO) ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សាកលវិទ្យាល័យជាតិនានា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) ព្រមទាំងអង្កការ និងក្រុមហ៊ុននានាជាច្រើន។

ឱកាសនេះ មិនមែនគ្រាន់តែមកទស្សនាការធ្វើបទបង្ហាញរបស់ក្រុមហ៊ុនទេ ប៉ុន្តែអាចធ្វើការសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុន ឬចូលរួមក្នុងសិក្ខាសាលានានា ដើម្បីសិក្សាពីក្រុមហ៊ុនានា ក៏ដូចជាអភិវឌ្ឍជំនាញផ្ទាល់ខ្លួន និងស្វែងរកលទ្ធភាពថ្មីៗសម្រាប់អនាគត។ នាពេលកន្លងមក មានប្អូនៗជាច្រើនបានទទួលឱកាសការងារពីកម្មវិធីពិព័រណ៍ការងារនេះ ៕
អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា
