ផ្ទាំងប៉ាណូរបស់អាជ្ញាធរមីនអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះដែលគាំទ្រដោយប្រទេសអូស្ត្រាលី នូវែលហ្សេឡង់ កូរ៉េខាងត្បូង និង UNDP ក៏ទទួលការគម្រាមកំហែងពីកងទ័ពថៃដែរ

(ភ្នំពេញ)៖ យោងតាមការបង្ហោះផ្សាយតាមបណ្តាញសង្គមរបស់អាជ្ញាធរមីន ហៅកាត់ថា (CMAA) នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) មកពី៧ប្រទេសដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា បានចុះទៅពិនិត្យជាក់ស្តែងសភាពការណ៍ទូទៅតាមព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានដដែលនោះបានបញ្ជាក់ឱ្យដឹងបន្ថែមថា ក្រុមអ្នកសង្កេតការណ៍បានឃើញដោយផ្ទាល់នូវ លួសបន្លា សំបកកង់ឡាន ដែលដាក់ដោយកងទ័ពថៃ ព័ទ្ធយកផ្ទះប្រជាពលរដ្ឋកម្ពុជា ក្បែរផ្ទាំងប៉ាណូអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះរបស់អាជ្ញាធរមីនដែលបានដាក់កាលពីឆ្នាំ២០២១។ ផ្ទាំងប៉ាណូនេះទទួលថវិកាគាំទ្រពីដៃគូតាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ រួមមាន ប្រទេសអូស្ត្រាលី នូវែហ្សេឡង់ កូរ៉េខាងត្បូង និង UNDP ។

ដំណើរបេសកកម្មចុះពិនិត្យស្ថានភាពតាមព្រំដែននេះធ្វើឡើង បន្ទាប់ពីកម្ពុជា និង ថៃ បានឯកភាពគ្នាបទឈប់បាញ់ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner