អ៊ីរ៉ង់រត់រកចិន និងរុស្ស៊ី ជួយទប់ស្កាត់ការដាក់ទណ្ឌកម្មរបស់អឺរ៉ុប
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ បានអះអាង ពីការរត់រក ប្រទេសចិន និង រុស្ស៊ី ឲ្យជួយទប់ស្កាត់ការដាក់ទណ្ឌកម្ម សារជាថ្មីឡើងវិញ ពីសំណាក់សហភាពអឺរ៉ុប ជុំវិញកម្មវិធីនុយក្លេអ៊ែរ។
លោក Abbas Araghchi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បានប្រាប់ទូរទស្សន៍រដ្ឋ កាលពីថ្ងៃទី១៤ ខែសីហា ថា រដ្ឋាភិបាលក្រុង Tehran នឹងព្យាយាមទប់ស្កាត់ ការដាក់ទណ្ឌកម្មនេះ ដោយក្នុងនោះ នឹងធ្វើការជាមួយចិន និងរុស្ស៊ី ដើម្បីបញ្ឈប់ គំនាមសេដ្ឋកិច្ចនេះ តែ ប្រសិនបើ មិនដំណើរការទៀត អ៊ីរ៉ង់ ក៏ត្រៀមវិធីដោះស្រាយ តាមរយៈការពិភាក្សាគ្នា ក្នុងពេលសមស្រប ណាមួយ។ លោក បានបន្តសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មជាថ្មី របស់អឺរ៉ុប នឹងផ្តល់ផលអវិជ្ជមាន តែ បដិសេធថា មិនប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ នោះទេ។
គួររម្លឹកថា កាលពីថ្ងៃពុធ មហាអំណាចទាំងបី ឬ E3 របស់អឺរ៉ុប រួមមាន បារាំង អាល្លឺម៉ង់ និងអ៊ីតាលី បានប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថា ប្រទេសទាំងបី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់ទណ្ឌកម្មឡើងវិញ លើទីក្រុង Tehran ប្រសិនបើគ្មានដំណោះស្រាយការទូត ជុំវិញកម្មវិធីនុយក្លែអ៊ែររបស់អ៊ីរ៉ង់ ត្រឹមចុងខែសីហា។
គួរបញ្ជាក់ថា ប្រទេសទាំងបី ដែលជាហត្ថលេខី នៃ កិច្ចព្រមព្រៀងឆ្នាំ ២០១៥ ធ្លាប់បានដកទណ្ឌកម្មពីអ៊ីរ៉ង់ ជាថ្នូរនឹងការទប់ស្កាត់ កម្មវិធីនុយក្លេអ៊ែរ។ កិច្ចព្រមព្រៀង បានបញ្ចប់ក្នុងខែតុលា ជាការបើកផ្លូវ ឲ្យមានការដាក់ទណ្ឌកម្ម ឡើងវិញ។ តែ មកដល់ពេលនេះ អឺរ៉ុប មិនទាន់សម្រេចដាក់ទណ្ឌកម្មវិញ នៅឡើយទេ។
គួរឲ្យដឹងដែរថា កាលពីដើមឆ្នាំនេះ សហរដ្ឋអាមេរិកបានចូលរួមជាមួយអ៊ីស្រាអែល ក្នុងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើប្រទេសអ៊ីរ៉ង់ ទោះបីស្ថិតក្នុងការចរចា លើកម្មវិធីនុយក្លេអ៊ែរ ក៏ដោយ។ បណ្តាប្រទេសលោកខាងលិច តែងតែចោទប្រកាន់ អ៊ីរ៉ង់ ជាយូរមកហើយថា ប្រទេសនេះ បានបន្តផលិតអាវុធនុយក្លេអ៊ែរ បើទោះបីជា រដ្ឋាភិបាលអ៊ីរ៉ង់ បដិសេធ រហូតមក ក៏ដោយ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត