កូរ៉េខាងត្បូងប្តេជ្ញាស្តារទំនុកចិត្តផ្នែកយោធាជាមួយកូរ៉េខាងជើងឡើងវិញ

សេអ៊ូល ៖ លោកប្រធានាធិបតីកូរ៉េខាងត្បូង Lee Jae Myung បានសន្យានៅថ្ងៃសុក្រនេះថា ទីក្រុងសេអ៊ូលនឹងគោរពតាមប្រព័ន្ធនយោបាយរបស់កូរ៉េខាងជើង ហើយកសាងទំនុកចិត្តផ្នែកយោធាឡើងវិញ ពោលគឺមួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងនិយាយថា ខ្លួនគ្មានចំណាប់អារម្មណ៍កែលម្អទំនាក់ទំនងជាមួយកូរ៉េខាងត្បូងសាជាថ្មីទេ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA, លោក Lee មានវ័យ៦២ឆ្នាំរូបនេះ ក៏បានប្តេជ្ញាដែរថា នឹងខិតខំព្យាយាមឈានដល់ការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ក៏ដូចជាបន្តកិច្ចសន្ទនាឡើងវិញដោយគ្មានលក្ខខណ្ឌជាមុនជាមួយទីក្រុងព្យុងយ៉ាង ខណៈការអះអាងបែបនេះហាក់ផ្ទុយស្រលះពីគោលនយោបាយអ្នកកាន់តំណែងមុនរបស់លោក។

ថ្លែងក្នុងសុន្ទរកថាប្រារព្ធខួបលើកទី៨០នៃការរំដោះកូរ៉េពីអាណានិគមជប៉ុន, លោកប្រធានាធិបតី Lee បានលើកឡើងថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងចាត់វិធានការប្រកាន់ខ្ជាប់នូវការកាត់បន្ថយភាពតានតឹង រួមទាំងការស្ដារទំនុកចិត្តឡើងវិញជាមួយកូរ៉េខាងជើង។

លោកប្រធានាធិបតី Lee បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា យើងនឹងបញ្ជាក់ពីការគោរពរបស់យើងចំពោះប្រព័ន្ធដឹកនាំបច្ចុប្បន្នរបស់កូរ៉េខាងជើង ហើយកូរ៉េខាងត្បូងក៏គ្មានចេតនាបង្កអំពើអរិភាពនោះដែរ។ ដូច្នេះ ខ្ញុំសង្ឃឹមថា កូរ៉េខាងជើងនឹងឆ្លើយតបវិញចំពោះកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីស្តារទំនុកចិត្ត និងធ្វើកិច្ចសន្ទនាគ្នាឡើងវិញ។

ការអត្ថាធិប្បាយរបសលោកប្រធានាធិបតី Lee ធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើង គឺលោកស្រី Kim Yo Jong បាននិយាយថា កូរ៉េខាងជើងគ្មានឆន្ទៈកែលម្អទំនាក់ទំនងជាមួយកូរ៉េខាងត្បូងនោះទេ ហើយលោកស្រីក៏បានបដិសេធចំពោះរបាយការណ៍ដែលថា កូរ៉េខាងជើងកំពុងដកឧបករណ៍បំពងសំឡេងឃោសនាផងដែរ។

យោធាកូរ៉េខាងត្បូងបាននិយាយកាលពីខែមិថុនាថា ប្រទេសទាំងពីរបានបញ្ឈប់ការផ្សាយឃោសនានៅតាមតំបន់គ្មានយោធា ដោយបន្ថែមកាលពីសប្តាហ៍មុនថាខ្លួនបានរកឃើញទាហានកូរ៉េខាងជើងរុះរើឧបករណ៍បំពងសម្លេងនៅតាមព្រំដែន។

យ៉ាងណា លោក Lee ដែលឈ្នះតំណែងជាមេដឹកនាំកូរ៉េខាងត្បូងក្នុងការបោះឆ្នោតខែមិថុនា នឹងប្រឹងប្រែងស្តារឡើងវិញនូវអ្វីដែលហៅថា កិច្ចព្រមព្រៀងយោធាថ្ងៃទី១៩ ខែកញ្ញា ដែលត្រូវបានចុះហត្ថលេខាក្នុងកិច្ចប្រជុំកំពូលអន្តរកូរ៉េឆ្នាំ២០១៨ ហើយត្រូវរៀបចំឡើងដើម្បីកាត់បន្ថយភាពតានតឹងតាមព្រំដែនរួមគ្នារបស់ប្រទេសទាំងពីរ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner