ទាហានថៃបាញ់អ្នកភូមិ បានស្លាប់ហើយ សង្ស័យបាញ់សម្លាប់ខ្លួនព្រោះតានតឹងផ្លូវចិត្ត

បាងកក ៖ ទាហានថៃម្នាក់ ដែលបានបាញ់អ្នកភូមិ ២នាក់ ឲ្យរងរបួសធ្ងន់ធ្ងរ នៅថ្ងៃទី១៥ ខែសីហានេះ ត្រូវបានរកឃើញថា ស្លាប់បាត់បង់ជីវិត សង្ស័យធ្វើអត្តឃាតខ្លួនឯង បណ្តាលមកពីភាពតានតឹងផ្លូវចិត្ត។

ទាហាន Ratthapoom Thepsiri នៃ កងពលតូចថ្មើរជើងលេខ ១៦២៣ បានប្រើប្រាស់កាំភ្លើង M16 បាញ់រះ ទៅលើអ្នកភូមិ នៅស្រុក Kap Choeng កាលពីម៉ោងប្រហែល ១ ទៀបភ្លឺ ថ្ងៃទី ១៥ ខែសីហា មុនពេលរត់ចូល ទៅក្នុងព្រៃក្បែរនោះ ហើយ ត្រូវបានគេប្រទះឃើញថា ស្លាប់ បន្ទាប់ពីប្រតិបត្តិការរុករក និងឡោមព័ទ្ធ អស់រយៈពេល ជិត១០ម៉ោង។

នៅវេលាម៉ោង ១០ និង៤០នាទីព្រឹក សាកសពរបស់លោក ត្រូវបានគេប្រទះឃើញ នៅក្នុងព្រៃ ខាងកើត ចំងាយប្រហែល១៥០ម៉ែត្រ ពីកន្លែងកើតហេតុ។ អាជ្ញាធរជឿថា គាត់បានបញ្ចប់ជីវិតដោយខ្លួនឯង។

យ៉ាងណា លោក Boonsin Padklang មេបញ្ជាការ ភូមិភាគ ២ និយាយថា មូលហេតុពិតប្រាកដ មិនទាន់ដឹងនៅឡើយទេ ប៉ុន្តែ បានអះអាងថា «នៅក្នុងស្ថានភាពសង្រ្គាម មានការតានតឹងផ្លូវចិត្ត នៅលើសមរភូមិ រួចហើយ»។ លោកបានបន្ថែមថា ការប៉ះទង្គិចគ្នា នាពេលថ្មីៗនេះ ពិតជាបានប៉ះពាល់ដល់សុខភាពផ្លូវចិត្ត របស់ទាហានជួរមុខ។

ក្រោយកើតហេតុ លោក បានបញ្ជាឱ្យមេបញ្ជាការកងឯកភាព យកចិត្តទុកដាក់ ថែទាំមន្ត្រីក្រោមឱវាទ ឱ្យបានហ្មត់ចត់ និងបានណែនាំក្រុមគ្រូពេទ្យ ឱ្យវាយតម្លៃសុខភាពផ្លូវចិត្ត របស់យោធិនទាំងអស់៕

ប្រភពពី The Nation ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner