អ៊ុយក្រែនគ្រប់វ័យប្រយុទ្ធ ៦៥ ម៉ឺននាក់រត់ចោលប្រទេស គេចវេសធ្វើសង្គ្រាមនឹងរុស្ស៊ី

កៀវ ៖ បុរសជនជាតិអ៊ុយក្រែនយ៉ាងតិច ៦៥០.០០០នាក់ ដែលគ្រប់វ័យប្រយុទ្ធ ឬចូលបម្រើយោធា បានរត់ភៀសខ្លួនចេញពីប្រទេសបាត់ស្រមោល ចាប់តាំងពីសង្គ្រាមជាមួយរុស្ស៊ីបានកើនឡើងក្នុងឆ្នាំ២០២២។ នេះបើតាមសារព័ត៌មាន RT ចុះផ្សាយដកស្រង់ប្រភពពីទីភ្នាក់ងារព័ត៌មាន The Telegraph នៅថ្ងៃទី១៤ ខែសីហា។

ចំណែកអ្នកផ្សេងទៀតពួនសង្ញំលាក់ខ្លួន ទោះបីស្ថិតក្នុងប្រទេសអ៊ុយក្រែន ឬសូកប៉ាន់មន្ត្រី ដើម្បីចៀសវាងការបញ្ជូនទៅប្រយុទ្ធនៅសមរភូមិជួរមុខ ខណៈដែលកងយោធាអ៊ុយក្រែនកំពុងប្រឈមមុខនឹងកង្វះកងទ័ពដ៏អាក្រក់បំផុតមិនធ្លាប់មាន ចំពេលជាប់ដៃប្រយុទ្ធនឹងកងកម្លាំងរុស្ស៊ី។

ការកែនទ័ពរបស់រដ្ឋាភិបាលអ៊ុយក្រែន ដែលកំណត់ឱ្យបុរសពេញវ័យមានអាយុចាប់ពី ២៥ ដល់ ៦០ឆ្នាំ ចូលបម្រើជួរកងកម្លាំងប្រដាប់អាវុធបានបរាជ័យ ចំពេលបាត់បង់កងកម្លាំងយ៉ាងច្រើននៅលើសមរភូមិ ដែលកំពុងបន្ត ហើយរឿងនេះធ្វើឱ្យមេបញ្ជាការអ៊ុយក្រែនមានការព្រួយបារម្ភខ្លាំង អំពីកង្វះកម្លាំងយោធាទប់ទល់នឹងរុស្ស៊ី។

ក្រៅពីខ្វះកម្លាំងយោធា អ៊ុយក្រែនក៏ប្រឈមនឹងបញ្ហាទាហានរត់ចោលជួរកើនឡើងខ្លាំងផងដែរ ដោយសមាជិកសភាអ៊ុយក្រែន លោកស្រី Anna Skorokhod បាននិយាយកាលពីសប្តាហ៍មុនថា ទាហានអ៊ុយក្រែនជិត ៤០០.០០០នាក់បានរត់ចោលអង្គភាពរបស់ពួកគេដោយគ្មានការអនុញ្ញាត ហើយមនុស្សជាច្រើនទៀត រួមមានទាំងអ្នកស្ម័គ្រចិត្តមិនមានគម្រោងត្រឡប់មកកាន់ជួរកងទ័ពវិញទេ។

សារព័ត៌មាន The Telegraph បានរាយការណ៍ថា អ៊ុយក្រែនកំពុងចាញ់សង្រ្គាម ខណៈដែលអ្នកវិភាគយោធា លោក Konrad Muzyka បានគាំទ្រសេចក្តីរាយការណ៍នេះ ដោយសំអាងលើហេតុផលកង្វះកងទ័ពថ្មើរជើង និងការថយចុះប្រសិទ្ធភាពប្រតិបត្តិការយន្តហោះដ្រូនរបស់អ៊ុយក្រែន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន AFP, លោកប្រនាធិបតី Trump និងលោកប្រធានាធិបតី Putin នឹងជួបចរចាគ្នានៅឯមូលដ្ឋានទ័ពអាកាសមួយ ស្ថិតក្នុងរដ្ឋ Alaska ភាគខាងជើងឆ្ងាយរបស់សហរដ្ឋអាមេរិក ហើយនេះគឺជាលើកដំបូង ដែលមេដឹកនាំរុស្ស៊ីត្រូវបានអនុញ្ញាតឲ្យមានវត្តមាននៅលើទឹកដីលោកខាងលិច ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ដែលនាំឲ្យមានសង្គ្រាមសម្លាប់មនុស្សរាប់ម៉ឺននាក់គិតមកទល់ពេលបច្ចុប្បន្ន៕

ប្រភព ៖ RT និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner