ជំនួប៣ម៉ោង រវាងលោកត្រាំ និង ពូទីន បានបញ្ចប់

អាឡាស្កា ៖ ជំនួបរយៈពេល ៣ម៉ោង កាលពីថ្ងៃទី១៥ ខែសីហា រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងរដ្ឋ អាឡាស្កា ដែលជាទឹកដីសហរដ្ឋអាមេរិក បានបិទបញ្ចប់ហើយ។

បន្ទាប់ពីកិច្ចប្រជុំកំពូល មេដឹកនាំទាំងពីរបានចូលរួមធ្វើសន្និសីទ សារព័ត៌មាន រួមគ្នា។ លោក Trump និយាយថា ជាកិច្ចប្រជុំ មានផលិតភាពខ្លាំងណាស់។ លោក ពូទីន និយាយថា ការពិភាក្សាជាមួយនឹងលោក Trump គឺ «ស្ថាបនា» និង «គោរពគ្នាទៅវិញទៅមក»។

យ៉ាងណាមិញ លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន មិនទាន់បានទម្លាយច្បាស់ អំពីកិច្ចព្រមព្រៀង បញ្ចប់សង្គ្រាមអ៊ុយក្រែន ឬ ព័ត៌មានស្តីពីបទឈប់បាញ់ នោះទេ។ លោក Trump និងលោក Putin បានផ្តល់ពាក្យពេចន៍កក់ក្តៅ ប៉ុន្តែ មិនត្រូវបានឲ្យសួរសំណួរ ពីសំណាក់ក្រុមអ្នកសារព័ត៌មានទេ ដែលជារឿងមិនធម្មតា សម្រាប់ប្រធានាធិបតីអាមេរិក ជុំវិញការធ្វើការ ជាមួយប្រព័ន្ធផ្សព្វផ្សាយ។ ក្រោយពេលបញ្ចប់ជំនួបរួចរាល់ លោក ពូទីន បានឡើងយន្តហោះ ចាកចេញពីទីនោះភ្លាមៗ។

តែក្រោយមក លោក ដូណាល់ ត្រាំ និយាយថា ទំនួលខុសត្រូវ ឥឡូវនេះ គឺស្ថិតនៅលើប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ដើម្បីបង្កើនភាពច្បាស់លាស់បន្ថែម ពីលើកិច្ចប្រជុំកំពូល នៅអាឡាស្កា រវាងមេដឹកនាំអាមេរិក និង ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ហើយ ទទួលបានកិច្ចព្រមព្រៀងដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី រយៈពេលបីឆ្នាំ។

លោក Trump បានប្រាប់ Fox News បន្ទាប់ពីកិច្ចប្រជុំកំពូលថា «ឥឡូវនេះ វាពិតជាអាស្រ័យលើប្រធានាធិបតី Zelensky ក្នុងការធ្វើវា… ហើយខ្ញុំក៏ចង់និយាយថា ប្រជាជាតិអឺរ៉ុប ពួកគេ ត្រូវតែចូលរួមបន្តិច ប៉ុន្តែ វាអាស្រ័យលើប្រធានាធិបតី Zelensky»។

គួរបញ្ជាក់ដែរថា ជុំវិញការជួបចរចាគ្នានេះ គឺជាលើកដំបូងហើយ ដែលមេដឹកនាំរុស្ស៊ី ត្រូវបានអនុញ្ញាត ឲ្យមានវត្តមាន នៅលើទឹកដីលោកខាងលិច ចាប់តាំងពីការលុកលុយ លើប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ នាំឲ្យមានសង្គ្រាម សម្លាប់មនុស្ស រាប់ម៉ឺននាក់ មកដល់ពេលបច្ចុប្បន្ន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner