លោក ពូទីន សុំជួបលោក ត្រាំ ម្តងទៀត នៅមូស្គូ
អាឡាស្កា ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើសុំជួបលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ម្តងទៀត នៅក្នុងទីក្រុងមូស្គូ ពោលគឺបន្ទាប់ពីមេដឹកនាំទាំងពីរ បានជួបចរចាគ្នា នៅក្នុងរដ្ឋ អាឡាស្កា ដែលជាទឹកដីអាមេរិក កាលពីថ្ងៃទី១៥ ខែសីហា។
លោក វ្ល៉ាឌីមៀ ពូទីន បានស្នើ ធ្វើជាម្ចាស់ផ្ទះ ទទួលសមភាគីអាមេរិក លោក ដូណាល់ ត្រាំ នៅរដ្ឋធានីមូស្គូ ផ្តោតលើការដោះស្រាយជម្លោះ នៅអ៊ុយក្រែន។ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក បានថ្លែងអំណរគុណដល់លោក ពូទីន ហើយ បាននិយាយថា «នឹងអាចជួបលោក ម្តងទៀត ក្នុងពេលឆាប់ៗនេះ» លោក ពូទីន បានប្រាប់ លោក ត្រាំ ជាភាសាអង់គ្លេស ថា «ពេលក្រោយ សុំជួប នៅទីក្រុងមូស្គូ»។ លោក Trump បានឆ្លើយតបថា « នោះជារឿងគួរឱ្យចាប់អារម្មណ៍..ជឿថា ជំនួបនេះ អាចកើតឡើង»។
យ៉ាងណា អំឡុងជំនួប ៣ ម៉ោង លោក ដូណាល់ ត្រាំ និងលោក វ្ល៉ាឌីមៀ ពូទីន មិនទាន់បានទម្លាយច្បាស់ អំពីកិច្ចព្រមព្រៀង បញ្ចប់សង្គ្រាមអ៊ុយក្រែន ឬ ព័ត៌មានស្តីពីបទឈប់បាញ់ នោះទេ។ ពួកលោកគ្រាន់តែប្រាប់អ្នកសារព័ត៌មានថា ជាជំនួបប្រកប ដោយផលិតភាពល្អ តែ ពួកលោក មិនអនុញ្ញាត ឲ្យសួរសំណួរ ពីសំណាក់ក្រុមអ្នកសារព័ត៌មានទេ ដែលជារឿងមិនធម្មតា សម្រាប់ប្រធានាធិបតីអាមេរិក ជុំវិញការធ្វើការ ជាមួយប្រព័ន្ធផ្សព្វផ្សាយ។ ក្រោយពេលបញ្ចប់ជំនួបរួចរាល់ លោក ពូទីន បានឡើងយន្តហោះ ចាកចេញពីទីនោះភ្លាមៗ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត