ក្រសួងការបរទេសធ្វើបទបង្ហាញ អំពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដល់សមាជិកអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា

(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជានៅរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ នាទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានធ្វើបទបង្ហាញ អំពីការវិវត្តថ្មីៗនៃសភាពការណ៍ព្រំដែនកម្ពុជា-ថៃ ដល់សមាជិកអង្គទូតបរទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ។

គួរបញ្ជាក់ថា លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំការធ្វើបទបង្ហាញដោយក្នុងនេះ បទបង្ហាញបានលើកអំពី (១) ខ្លឹមសារនៃកិច្ចប្រជុំពិសេសស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលសម្រេចបានការឯកភាពលើបទឈប់បាញ់ នៅថ្ងៃទី២៨កក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាយៃយ៉ាប្រទេសម៉ាឡេស៊ី (២)លទ្ធផលល្អប្រសើរនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី (៣)ការព្រួយបារម្ភរបស់កម្ពុជាលើកំណើនហានិភ័យចំពោះបទឈប់បាញ់ដ៏សែនផុយស្រួយ ដោយសារតែមានការអនុវត្តសកម្មភាពជាច្រើនរួមទាំង ការរាយបន្លាលួស និងការចលនាកម្លាំង ផ្ទុយនឹងលក្ខខណ្ឌបទឈប់បាញ់ ។

ជាមួយគ្នានេះ លោកជំទាវ អ៊ាត សោភា បានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ថាកម្ពុជាបានដាក់មីនថ្មីពាក់ព័ន្ធនឹងករណីផ្ទុះមីនប្រឆាំងមនុស្ស ដែលបានប៉ះពាល់ដល់អាយុជីវិត និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការសម្រេចបាននូវសន្តិភាព និងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ តាមសន្តិវិធី ។

ជាមួយគ្នានេះ លោកជំទាវ អ៊ាត សោភា ក៏បានលើកឡើងផងដែរអំពីលទ្ធផលនៃជំនួបក្រៅផ្លូវការ (Tea Chat) រវាងរដ្ឋមន្រ្តីការបរទេសចិន កម្ពុជា និងថៃ ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង នៅក្រុង Anning ខេត្តយូណាន ប្រទេសចិនកាលពីថ្ងៃទី១៤ខែសីហាឆ្នាំ ២០២៥ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner