អ្នកនាំពាក្យក្រសួងការពារជាតិ ៖ សភាពការណ៍ព្រំដែននាព្រឹកនេះស្ងប់ស្ងាត់ និងជឿជាក់ កិច្ចប្រជុំ (RBC)រីកចម្រើនទៅមុខ
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងថា ៖ សភាពការណ៍ព្រំដែនរវាងកម្ពុជា និងថៃនាព្រឹកថ្ងៃនេះមានសភាពស្ងប់ស្ងាត់ និងចំណែក កិច្ចប្រជុំវិសាមញ្ញនៃក្រុមលេខាគណៈកម្មាធិការព្រំដេនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ(RBC)ក៏ជឿជាក់ថានឹងរីកចម្រើនទៅមុខផងដែរ ។
ក្នុងការធ្វើសេចក្តីសង្ខេបព័ត៌មានស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ប្រាប់ថាសភាពការណ៍ជួរមុខព្រំដែនកម្ពុជា-ថៃគិតចាប់តាំងតែពីម៉ោង ៦,០០ព្រឹក ថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៥ មកដល់វេលាម៉ោង ១០,០០នាទីព្រឹកនេះសភាពការណ៍នៅតាមបន្ទាត់ព្រំដែនយោធភូមិភាគទី៤ និងទី៥ខេត្តព្រះវិហារ ឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់ ។ កងកម្លាំងរបស់យើងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនបំផុតក្នុងការ ការពារអធិបតេយ្យភាពរបស់ខ្លួន។
លោកជំទាវ បានឱ្យដឹងដែរថា សម្រាប់តាមរយៈកិច្ចប្រជុំវិសាមញ្ញនៃក្រុមលេខាគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)កាលពីថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០២៥ម្សិលម៉ិញ បានប្រព្រឹត្តទៅដោយរលូន និងមានភាពរីកចម្រើនជាវិជ្ជាមានមួយចំនួន។សម្រាប់ថ្ងៃនេះដែរកិច្ចប្រជុំ RBC នឹងបន្តពេញមួយថ្ងៃ នៅខេត្តត្រាត ប្រទេសថៃ ។
អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងបន្ថែមថា កិច្ចប្រជុំវិសាមញ្ញនៃក្រុមលេខាគណៈកម្មាធិការព្រំដេនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ខាងលើគឺវាបានកើតចេញពីកិច្ចប្រជុំពិសេសកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដែលបានបញ្ជាក់ឡើងវិញនូវចំណុចសំខាន់ នៃការបន្តរក្សាទំនាក់ទំនងនៃបណ្តាយោធាក្នុងតំបន់ បណ្តាយោធភូមិភាគ និងអង្គភាពនៅតាមបណ្តាយ ព្រំដែននៃភាគីទាំងពីរ រួមនិងការខិតខំប្រឹងប្រែងក្នុងការដោះស្រាយនូវរាល់បញ្ហាដោយសន្តិវិធី និងបញ្ចៀសការប៉ះទង្គិច ៕
ដោយ ៖ ម៉ាដេប៉ូ